ស្លាប់​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ​បន្ទាប់​ពី​គ្រូពេទ្យ​ចាក់​ថ្នាំ​បន្តោង​សេ​រ៉ូម

បាត់ដំបងៈ ស្ត្រី​ពពោះ​គ្រប់​ខែ​មក​សម្រាក​កូន នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល”សុវណ្ណ ” បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​បង្ខំ​ចាក់​ថ្នាំ និង​បញ្ច្រក​ថ្នាំ​ពេទ្យ បាន​ជិត​កន្លះ​ម៉ោង ក៏​ប្រត្តិកម្ម​ថ្នាំ​បែក ពពុះ​ទឹក​មាត់ និង​ហូរ​ឈាម​ចេញ​តាម​មាត់​ប្រកាច់​ស្លាប់​តែ​ម្តង កាល​ពី​វេលា​ម៉ោង​៦និង០០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០​១៧ នៅ​មន្ទី​ពហុព្យាបាល សុវណ្ណ ស្ថិត​ក្នុង​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយ​ប៉ោ ក្រុង​ខេត្ត​បាត់​ដំប​ង ។
.
តាម​សម្ដី​បុរស​ជា​ប្តី​ស្រ្តី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា លោក​ឈ្មោះ ទង អេលីយ៉ា អាយុ ២២ឆ្នាំ មុខ​របរ កម្មករ រស់​នៅ​ភូមិ​អូរតាពៅ ឃុំតាគ្រាម ស្រុក​បាណន់ បាន​នាំ​ប្រពន្ធ​មក​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​មន្ទីរ​ពេទ្យ សុវណ្ណ នៅម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ថា ប្រពន្ធ​គាត់​ឈឺ​ពោះ​កើត​កូន​នៅ​ពេល​ល្ងាច​ឬ​យប់​នេះ ។ គាត់​បន្តថា ពេទ្យ​បាន​ឲ្យ​លេប​ថ្នាំ​ប៉ុន្មាន​គ្រាប់ ប្រពន្ធ​គាត់​លេប​ថ្នាំ​រួច​ហើយ រយៈ​ពេល​កន្លះ​ម៉ោង​ក្រោយ​មក ស្រាប់​តែ​បែក​ទឹក​ភ្លោះ​គ្រូ​ពេទ្យ ក៏ព្យួរ​សេ​រ៉ូម និង​ចាក់​ថ្នាំ​១​ម្ជុល នៅ​ភ្លៅ​ខាង​ស្តាំ ពេល​នោះ​គាត់​សួរ​ថា​ថ្នាំ​នេះ​ជា​ថ្នាំ​អ្វី?

គ្រូពេទ្យឆ្លើយថា ចាក់ថ្នាំបំបាត់ការចុកចាប់ ហើយពេទ្យដើរចេញទៅបាត់។ ភា្លមនោះ ប្រពន្ធគាត់ឈឺចុកចាប់កាន់តែខ្លាំងគាត់បានទៅហៅគ្រូពេទ្យមកវិញ គ្រូពេទ្យនិយាយថា ត្រូវបញ្ជូនទៅបន្ទប់បង្កើតកូនរួចដាក់ខ្យល់អុកស៊ីសែន តែប្រពន្ធគាត់កាន់តែខ្សោយខ្លាំង គ្រូពេទ្យយកថ្នាំអំពូលកាច់រួចបូមស៊ឺរាងដាក់បញ្ចូលប្លោកសេរ៉ូមនិងបានយកថ្នាំទឹកបាញ់បញ្ចូលក្នុងមាត់ ស្រាប់តែគាត់ឃើញមានឈា​ម​ហូរចេញមកតាមមាត់ប្រពន្ធ និងឈាមកក។

លោក សុវណ្ណ ម្ចាស់មន្ទីរពេទ្យ បានប្រាប់ឲ្យ​ដឹង​តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៧ ខែ​ក​ញ្ញាឆ្នាំ២០១៧នេះថាស្ត្រីរងគ្រោះឈឺពោះសម្រាកកូន ហើយគាត់ ជំងឺហឺត ដល់ពេលបែក​ទឹកភ្លោះ ការឈឺចាប់កាន់តែខ្លាំងទៅៗ គាត់​អាចគ្រោះថ្នាក់ដោយសារទឹកភ្លោះជ្រៀតចូលក្នុងចរន្តឈាម ក៏ស្លាប់ទៅ រីឯក្រុមគ្រូពេទ្យ ក៏មិនបានធ្វើអ្វីដែរ។

បើយោងតាមរបាយការណ៍របស់នគរបាលស្រុក បានឲ្យដឹងថា កម្លាំងការិយាល័យ​បច្ចេក​ទេ​សនគរបាលខេត្តនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់កម្លាំងអធិកាស្រុកនគរបាលប៉ុស្តិ៍រដ្ឋបាលតាគ្រាម ក្រុមប្រឹក្សាឃុំ រួមនិង​កម្លាំ​ងជំនាញពេទ្យខេត្តបានធ្វើកាត្រួតពិនត្យសាកសពស្រ្តីរងគ្រោះ អ៊ុ សុភណ្ឌ ភេទស្រី អាយុ​៤២​ឆ្នាំ នៅក្រុមទី៧ ភូមិអូរតាពៅ ឃុំតាគ្រាម ស្រុកបាណន់ដែលបានស្លាប់នៅមន្ទីរពេទ្យពហុព្យាល សុវណ្ណ នៅវេលាម៉ោងប្រហែល​៦និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ។

ជាលទ្ធផលសាកសពមានហៀរទឹកមាត់លាយឈាម។ប្រដាប់ភេទមានទឹករំអិលហូរលាយឈាម។ខ្នងដៃស្តាំមានស្នាមមុតមួយកន្លែងដោយវត្ថុមុតស្រួចកដៃស្តាំផ្នែកខាងក្នុងមានស្នាមមុត១កន្លែងដោយវត្តុមុតស្រួចនិងមានឈាមហូរផង។ភ្លៅឆ្វេងផ្នែកខាងក្រៅមានស្នាមមុតស្រួច ១កន្លែង ដោយវត្ថុមុតស្រួច។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីពិនិត្យសាកសពជនរងគ្រោះ អ៊ុ សុភណ្ឌ រួចមកបាន ប្រគល់ទៅអោយឈ្មោះ នង អេលីយ៉ា ត្រូវជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូម​បញ្ជាក់​ថា ជនរងគ្រោះ ត្រូវបាន​ប្តី​នាំ​យក​មក​ពិនិត្យផ្ទៃ​ពោះ ដែល​គ្រប់ខែ​នៅ​មន្ទីរពេទ្យ ពហុព្យាបាល សុវណ្ណ នៅបាត់ដំបង ហើយក៏​បាន​ស្លាប់​នៅ​ទី​នោះ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​និង​ចាក់​ថ្នាំ​បន្តោង​សេរ៉ូម ៕