Khmer១ជីវិត បាន​អះអាង​ថា មិន​បាន​លុប​បទ Look in My Eye ទេ តែ​មាន​អ្នក​…

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ហេង ឡុង កាល​ពី​យប់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៧ ថា ខ្មែរ​១​ជីវិត​បាន​លុប​ចម្រៀង​បទ Look In My Eye ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន គឺ Facebook និង YouTube ចោល​ហើយ បែរ​ជា​ខ្មែរ​១​ជីវិត​បាន​អះអាង​ថា ខ្លួន​មិន​បាន​លុប​ចម្រៀង​នោះ​ចោល​ឡើយ ហើយ​ដែល​ចម្រៀង​នោះ​បាន​បាត់​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន គឺ​មាន​អ្នកក​កូរ​កកាយ។

យោង​គណនី​ហ្វេសប៊ុក​ឈ្មោះ SovannDara Leng ដែល​អះអាង​ថា ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Khmer1Jivit – Khmer១ជីវិត បាន​បង្ហោះ​ខ្លឹមសារ​តាំង​ពី​រសៀល​ថ្ងៃ​ទី ១៧ ខែកញ្ញា ថា ខ្លួន​មិន​បាន​លុប​វីដេអូ​បទ Look In My Eye ចេញ​ពី​ផេក​ខ្លួន​ទេ គឺ​ច្បាស់​ជា​មាន​អ្នក​លួច​លុប។ រឿង​នេះ ម្ចាស់​គណនី​ខាង​លើ​ក៏​មិន​ច្បាស់​ថា មាន​គេ​លួច​ហែក (Hack) ចូល​អាខោន ឬ​មាន​គេ​រីផត (Report) ទៅ​ហ្វេសប៊ុក​ដែរ។ លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «Attention : ខ្ញុំ​មិន​បាន​លុប​វីដេអូ​បទ​ក្រោយ​នេះ Look In My Eye ពី page ខ្ញុំ​ទេ ច្បាស់​ជា​មាន​អ្នក​លួច​លុប ចង្រៃ​មែន …did my account just got hack??? មិន​ដឹង​ថា hack ឬ Report ទេ ….»

«Dear Fans: វីដេអូ​មួយ​នេះ ដែល​ខ្ញុំ​ផុស​នៅ​ថ្ងៃទី​មួយ​នៅ​ក្នុង page Khmer1Jivit – Khmer១ជីវិត ត្រូវ​បាន​លុប​ចោល​ដោយ​មិន​ដឹង​រឿង មិន​ដឹង​អា​ប៉ាកាច់​ណា Report ទេ ….លូវ I need a 1000000000000000 Share for this time in dis mathafucka ?????? Juz Do it like u slap these bitches»

បន្ថែម​លើស​នេះ​ទៅ​ទៀត នៅ​ព្រឹក​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០១៧ ម្ចាស់​គណនី​ខាង​លើ​ក៏​បាន​បង្ហោះ​សារ​​ថា «បាត់​ទៀត​ហើយ​ៗ អត់​មាន​បាន​លុប​ទេ …. ខ្ញុំ​សូម​ផ្ដាំ​ទៅ​អស់​លោក​សារព័ត៌មាន​ផង កុំ​ចុះ​ផ្សាយ​ផ្ដេសផ្ដាស ដោយ​មិន​បាន​សាកសួរ​ខ្ញុំ​មុន។ ផែក​ខ្ញុំ ត្រូវ​បាន​ជន​ណា​មិន​ដឹង​ទេ លួច​ចូល​ទៅ​កកូរកកាយ ហើយ​ខ្ញុំ​ពិបាក​ប្រើប្រាស់​ណាស់ ដូច្នេះ​សូម follow ខ្ញុំ​តាម personal account នេះ​វិញ​ក៏​បាន។ ហើយ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ថា បើ​ខ្ញុំ​ហ៊ាន​និយាយ ហ៊ាន​ច្រៀង បន្ទាប់​ពី​បាន​ស្រាវជ្រាវ​រួច ប៉ុណ្ណេះ​ហើយ ខ្ញុំ​គ្មាន​ឡើយ​ព្រឺរោម​នឹង​ការ​ឆោឡោ​ទាំង​ងងើល របស់​ជន​ដែល​មិន​យល់​ការ​ច្បាស់ ដោយ​ចាំតែ​ហៃអើ យក​មុខ​នោះ​ទេ។ ខ្ញុំ​ជា​អ្នក​ច្រៀង​រ៉េប​ឯករាជ្យ ដើម្បី​បរិយាយ​ភាព​ពិត​នៃ​សង្គម ខ្ញុំ​ពុំ​មែន​ជា​តារា​ដែល​ចង់​រះ ដោយ​ការ​លន់តួ អែបអប ដើម្បី​អំណាច ដើម្បី​ភាព​ល្បី​នោះ​ទេ។

សូម​រំលឹក​ថា បន្ទាប់​ពី​បទ Look In My Eye របស់​ខ្មែរ​មួយ​ជីវិត​ចេញ​ផ្សាយ​តាម​បណ្ដាញ​សង្គម​មក មាន​មតិ​រិះ​គន់​ជាច្រើន​ពី​សំណាក់​មហា​ជន និង​អ្នក​អ្នក​សិល្បៈ មាន​ដូច​ជា នាយ​ពាក់មី​ជា​តារា​កំប្លែង​ប្រចាំ​ទូរទស្សន៍, CTN លោក ហេង ឡុង សមាជិក​សមាគមន៍​សិល្បករ​ខ្មែរ​ជា​ដើម ដែល​ថា បទ​នេះ​បាន​ប្រើ​ពាក្យ​ពុំ​សមរម្យ ធ្វើ​ប៉ះ​ពាល់​តម្លៃ​សិល្បករ​ខ្មែរ ជា​ពិសេស​សិល្ប​ការិនី​ខ្មែរ។ ផ្ទុយ​ពី​ការ​រិះគន់​នេះ ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​គាំទ្រ បទ​នេះ​ថា បាន​ប្រើ​ពាក្យ គ្រាម​ភាសា​បាន​ល្អ និង​ច្រៀង​ពី​ការពិត ហើយ​បាន​ចាត់​ទុក​ខ្មែរ១ជីវិត​ថា​ជា Idol ទៀង​ផង។