ខ្មែរ​១​ជីវិត សម្រេច​លុប​បទ Look In My Eye ចេញ​ពី​បណ្ដាញ​សង្គម​ហើយ (មាន​វីដេអូ)

រាជធានី​ភ្នំពេញ៖ បទ​ថ្មី​មួយ បែប រ៉េប របស់​ក្រុម ខ្មែរ​១​ជីវិត ដែល​ដែល​មាន​ទំនុក​ច្រៀង​បែប​ឌឺដង វ៉ៃ​ប្រហារ ដោយ​ប្រើ​ពាក្យ​អាសគ្រាម ត្រូវ​បាន​បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ធំ​ជា​ពិសេស​អ្នក​សិល្បៈ​ផង​គ្នា រិះគន់ ថា​ប្រើ​ពាក្យ​មិន​សមរម្យ​ខ្លាំង ប៉ះ​ពាល់​ដល់ សិល្បករ ជា​ពិសេស​សិល្បការិនី​ខ្មែរ ត្រូវ​បាន លុប​ចោល​ពី​បណ្ដាញ​សង្គម​ហើយ ទាំង​ក្នុង Facebook និង YouTube។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហេង ឡុង។

លោក​ ហេង ឡុង ដែល​ជា​សមាជិក​មួយ​រូប​ក្នុង​ “សមាគម​សិល្បករ​ខ្មែរ” បាន​បង្ហោះ​វីដេអូ​មួយ​កាល​ពី​យប់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៧ រៀប​រាប់​ពី​ចំណាត់​ការ​របស់​​សមាគម​ ទៅ​លើ​សិល្បករ​រ៉េប ខ្មែរ១ជីវិត ជុំ​វិញ​បទ “Look in My Eye” របស់​លោក​ ដែល​ត្រូវ​មហា​ជន​ជា​ច្រើន​រិះគន់​ថា បង្កប់​ដោយ​ពាក្យ​មិន​សមរម្យ អសុរោះ អាសគ្រាម និង​ប៉ះពាល់​ដល់​តម្លៃ​សិល្បករ​ខ្មែរ ធ្ងន់ធ្ងរ​ពេក ទើប សមាគម​សិល្បករ​ខ្មែរ បាន​ស្នើ​ទៅ​អ្នក​ចម្រៀង​រ៉េប​រូប​នេះ ឲ្យ​លុប​បទ​ខាង​លើ​ចេញ​ពី​បណ្ដាញ​សង្គម​របស់​ខ្លួន​ហើយ។

មក​ដល់​ពេល​នេះ លោក ឡេង សុវណ្ណតារា បាន​ធ្វើ​តា​ម​ការ​ស្នើ សម្រេច​លុប​បទ “Look in My Eye” នេះ​ចេញ​ពី​ Facebook និង YouTubeហើយ។

លោក ហេង ឡុង បាន​បញ្ជាក់​តាម​រយៈ​វីដេអូ​ថា បទ​ចម្រៀង​នេះ​មិន​មែន​ផលិត​ចេញ​ពី​ផលិតកម្ម​ដែល​មាន​ច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នោះ​ទេ គឺ​ពួក​គេ​ជា​ក្រុម​អ្នក​ចម្រៀង​ឬ​អ្នក​ចម្រៀង ដែល​នៅ​ក្រៅ​ប្រទេស និពន្ធ​ខ្លួនឯង ផ្សាយ​ខ្លួន​ឯង​តាម​ Facebook, YouTube តែម្ដង៕