នាំប្អូន​ប្រុស​ទៅ​ជិះ​ទូក​តែ​អកុសល​ធ្លាក់​​ចូល​ទឹក​​​បឹង​​​ត្របែក​​​លង់​​ស្លាប់​​យ៉ាង​​អាណោច​​អាធម៌

ភ្នំពេញ៖ ក្មេង​ប្រុស​ម្នាក់​បាន​នាំ​បង​ប្រុស​តូច​ៗ​ដូច​គ្នា​ទៅ​ជិះ​ទូក​នៅ​ក្នុង​ទឹក​បឹង​ត្របែក ស្រាប់​តែ​លង់​ទឹក​ស្លាប់​នៅ​ចំណុច​លូ​ទឹក​ស្អុយ​បឹង​ត្របែក ច្រក​ចូល​ផ្លូវ​៥១៤ ក្រុម​ទី​១ ភូមិ​១ សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ឆ្នាំ​២០​១៧ ។

ក្មេង​​ប្រុស​រង​គ្រោះ​មាន​ឈ្មោះ ធឿន ចាន់​ថា​មុន្នី អាយុ​៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​២៥​អា ផ្លូវ​៥១​៤ ភូមិ​១ ក្រុម​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

យោង​តាម​សម្ដី​ក្មេង​ប្រុស​ឈ្មោះ ធឿន ចាន់​ថា​ណុន អាយុ​១០​ឆ្នាំ​ត្រូវ​ជា​បង​ប្រុស​បង្កើតបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គឺ​ខ្លួន​ទាំង​២​នាក់​បង​ប្អូន​បាន​នាំ​គ្នា​ទៅ​ជិះ​ទូក​នៅ​ចំណុច​ទឹក​ស្អុយ​បឹង​ត្របែក​ លុះ​ជិះ​បាន​​មួយ​សន្ទុះ​ស្រាប់​តែ​ជន​រងគ្រោះ​ជា​ប្អូន​ប្រុស​ចង់​ជិះ​ទូក​មួយ​ផ្សេង​ទៀត​ដែល​នៅ​ជិត​គ្នា​ទើប​ក្មេង​ប្រុស​ជា​បង​បាន​ហាម​ប្អូន​មិន​ឲ្យ​ជិះ​ទេ តែ​ប្អូន​មិន​ស្តាប់​ក៏​ឆ្លង​ទៅ​ជិះ​ទូក​មួយ​ទៀត ទើប​បណ្តាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​បណ្តាល​ឲ្យ​លង់ ទើប​ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​ជា​បង បាន​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​និង​បង​ប្អូន ផ្អើល​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ចុះ​ជួយ​រាវ​រក​ក្មេង​ប្រុស​ខាង​លើ តែ​អស់​រយៈ​ពេល​ជាង​១​ម៉ោង​រក​មិន​ឃើញ រហូត​មក​ទល់​នឹង​ម៉ោង​៦​យប់ ទើប អ្នក​ភូមិ​បង់​សំណាញ់​ជាប់​ក្មេង​ប្រុស​ខាង​លើ ក៏​នាំ​គ្នា​ចុះ​ស្រង់​លើក​ដាក់​អាវ រលាក់​ទុក និង​សង្កត់​ទ្រូង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត តែជា​អកុសល​ក្មេង​ប្រុស​ខាង​លើ បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទួញ​សោក​បោក​ខ្លួន រហូត​សន្លប់​បន្ត​បន្ទាប់​គ្នា​ផងដែរ ​។

ក្រោយ​ពី​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​សមត្ថ​កិច្ច​នគរបាល​មូល​ដ្ឋាន សហកា​ជា​មួយ​នគរ​បាល​​​ជំនាញ​​ផ្នែក​​កោសល្យ​​វិច័្ឆយ​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​សាក​សព​ដល់​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា សាកសព​ជន​រងគ្រោះ​ខាង​លើ​នេះ ពិតជា​ស្លាប់​ដោយ​សារ​តែ​លង់​ទឹក​ពិត​ប្រាកដ​មែន ហើយ​បច្ចុប្បន្ន​សាកសព​ជនរ​ងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕