ជឿ​ថា បើ​សិល្បករ​ដែល​ឈ្លោះ​គ្នា​បាន​អាន​សារ​នេះ ច្បាស់​ជា​ឈឺ​ក្បាល​មិន​ខាន

មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​សិល្បៈ និង​អ្នក​សិល្បៈ រហូត​បង្ក​ទៅ​ជា​ការ​សរសេរ​បទ​ចម្រៀង​ជេរ​គ្នា​ទៀត​ផង។ តាម​រយៈ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា «Look In My Eye» ប្រើ​ពាក្យ អាសគ្រាម (សូម​អភ័យ​ទោស​ទុក​មុន) «លក់​ក្ដិត​ឲ្យ​ឯក​ឧត្តម» «លក់​ក្ដ​ឲ្យ​លោក​ជំទាវ» «អាចម៍​ក្ដ» ជា​ដើម បាន​ធ្វើ​ឲ្យ មហា​ជន​មាន​ប្រតិកម្ម​ថា ប្រើ​ពាក្យ​មិន​សមរម្យ ហួស​ហេតុ ដែល​ប្រភព​ខ្លះ​បាន​អះអាង​ថា ខ្មែរ​មួយ​ជីវិត ចេញ​បទ​នេះ គឺ​ដើម្បី​វ៉ៃ​បក​ទៅ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ G-David។

ការណ៍​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ William Guang សំងំ​ស្ងៀម​មិន​កើត។ លោក​ថ្លែង​តាម​រយៈ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ថា លោក​បើក​ហ្វេសប៊ុក​កាល​ណា ឃើញ​តែ​ឈ្លោះ​គ្នា អ្នក​តូច​ឈ្លោះ​ដោយ អ្នក​តូច អ្នក​ធំ​ឈ្លោះ​ដោយ​អ្នក​ធំ តារា ឈ្លោះ​ដោយ​តារា អ្នក​សិល្បៈ​ឈ្លោះ​ដោយ​អ្នក​សិល្បៈ។ លោក​ថែម​ទាំង​បាន​សរសេរ​ជា​កំណាព្យ​ខ្លី​មួយ​បទ ជឿ​ថា បងប្អូន​ប្រិយមិត្ត​អាន​ហើយ នឹង​គាំទ្រ ជា​ពិសេស​អ្នក​ដែល​ឈ្លោះ​គ្នា​ក្នុង​រង្វង់​សិល្បៈ​ច្បាស់​ជា​ឈឺ​ក្បាល​ម៉ោក​ៗ​មិន​ខាន។ ខាងក្រោម​នេះ​ជា​សារ​ទាំងស្រុង៖

បើក​ហ្វេសប៊ុក​មក ឃើញ​តែ​ខ្មែរ​ឈ្លោះ​គ្នា ?

ឈ្លោះ​តាំង​ពី​ស្រទាប់​កំប៉ិកកំប៉ុក​ដល់​ដំបូល​ផ្ទះ
អ្នក​នយោបាយ​ក៏​ឈ្លោះ​គ្នា
តារា​ហ្វេសប៊ុក​ខាង​រកស៊ី​ក៏​ឈ្លោះ​គ្នា
តារា​ចំរៀង​រ៉េប​ក៏​ឈ្លោះ​គ្នា
អ្នក​កាន់​និន្នាការ​នយោបាយ​ក៏​ឈ្លោះ​គ្នា
សកម្មជន​នយោបាយ​ក៏​ឈ្លោះ​គ្នា

ឱ! អនិច្ចា បើ​ម្ល៉ឹងៗ​ត​ទៀត​មិន​ដឹង​ថា​ងាប់​ទៅ​កើត​ជាតិ​ក្រោយ
មាន​ដី​ខ្មែរ​ឲ្យ​កើត​ទៀត​ឬ​អត់?

ខ្មែរ​ពូជ​អ្នក​ខ្លាំង ឈាម​អ្នក​ចម្បាំង ច្បាំង​តែ​គ្នា​ឯង
ចម្រៀង​ឈ្លោះ​ផ្សឹង អ្នក​ធំ​ឈ្លោះ​ផ្សេង វិនាស​មិន​លែង
បរទេស​ត្រួត​ត្រា ??

មន្ត្រី​ទាស់​ទែង សក្តិ​អញ​បុណ្យ​ឯង ប្ដឹង​តុលាការ
ខាង​រាស្ត្រ​តូចតាច ខ្លះ​គ្មាន​បាន​ការ និយាយ​ដើម​គ្នា
រស់​អត់​ប្រយោជន៍ ??

ឈ្លោះ​ឡើង​រលំ ពី​ដី​ធ្លាប់​ធំ ឥលូវ​ហិនហោច
ពូជ​ខ្មែរ​ឥឡូវ នាំ​រឿង​អសោចិ៍ គេ​ដៀល​ដល់​ខ្មោច
បុព្វ​បុរស ??

សុំ​ផ្ញើ​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​និង​បក្ស​ប្រឆាំង
សុំ​ផ្ញើ​ជូន​ទៅ​តារា​ចម្រៀង​រ៉េប
សុំ​ផ្ញើ​ជូន​តារា​ហ្វេសប៊ុក​ដែល​កំពុង​ឈ្លោះ​គ្នា
សុំ​ផ្ញើ​ជនជាតិ​ជាតិ​ឈាម​ពូជ​អ្នក​ច្បាំង​ទាំងអស់

ទៅ​ជឿ​ថា​ពួក​ចក្រពត្តិ​អាមេរិក ពួក​ចិន ពួក​យួន ឯណា​មក​ស្រលាញ់​យើង បើ​យើង​ជា​ខ្មែរ​មាន​ឈាម​តែ​មួយ ភាសា​និយាយ​តែ​មួយ​យើង​មិន​ទាំង​ចេះ​ស្រលាញ់​គ្នា​ផង ……។

យក​ពាក្យ​មួយ​ឃ្លា​ហ្នឹង​ទៅ​ពិចារណា​ចុះ នេះ​ហើយ​ជា​មូលហេតុ​យើង​ខ្សោយ ហើយ​ខ្សោយ​គ្រប់​ប្រព័ន្ធ ការ​ខ្សោយ​រហូត​គេ​មើលងាយ ហើយ​ឈាន​ដល់​ការ​មើលងាយ​ដូនតា​បុព្វបុរស​ទៀត​ផង។


សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ ២០១៧ នាយ​ពាក់​មី ក៏​បាន​ចេញ​វីដេអូ​រិះគន់​បទ Look In My Eye ដែរ

សូម​ស្ដាប់​ចម្រៀង​ទាំងស្រុង​​ក្នុង​ផេក ខ្មែរ​មួយ​ជីវិត