ស្ត្រី​ដែល​ជេរ ព្រះមហាក្សត្រ​និង​សម្ដេច​តេជោ តាម Facebook សារភាព​ថា… (មាន​វីដេអូ)

ខេត្ត​បន្ទាយមានជ័យ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​សង្ស័យ​ជេរ​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះមហាក្សត្រ សម្ដេច​យាយ តាម​បណ្ដាញ​សង្គម Facebook ត្រូវ​ឃាត់​ខ្លួន បាន​សារភាព​ថា ខ្លួន​ធ្វើ​តាម​បញ្ជា​ឈ្មោះ អ៊ា គីមស្រេង ជនជាតិ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​គេ​ពិត​ជា​បាន​យក​រូបភាព​កាត់ត​ដែល​ជា​រូបភាព​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រះ​មហា​ក្សត្រ និង​សម្ដេច​យាយ ព្រម​ទាំង​បាន​សរសេរ​ខ្លឹម​សារ​មួយ​ចំនួន ដែល​ជេរ​ប្រមាថ និង​រិះគន់​ទៅ​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ស្រ្តី​រូប​នេះ​ធ្វើ​តាម​បញ្ជា និង​​ការ​ណែនាំ​ពី​ឈ្មោះ អ៊ា គីមស្រេង ភេទ​ប្រុស អាយុ​ប្រហែល​៥៦​ឆ្នាំ ដែល​ជា​ជនជាតិ​ខ្មែរ រស់​នៅ​ប្រទេស​អូស្ត្រាលី ហើយ​គេ​ប្រាប់​ថា ខ្លួន​គេ​ជា​ចៅ​ក្រម​អន្តរ​បណ្តាញ​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Kimsrang Eer។ អាខោន Kimsrang Eer បាន​ផ្ញើ​រូបភាព​កាត់ត​រួច​ស្រេច គឺ​រូប​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រះមហាក្សត្រ និង សម្ដេច​យាយ ព្រមទាំង​សរសេរ​ខ្លឹមសារ​មួយ​រិះគន់ និង​ជេរ​ប្រមាថ ហើយ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍»។
ស្ត្រី​ជាប់​សង្ស័យ​បាន​បញ្ជាក់​ថា មុន​ពេល​បញ្ចូល​រូបភាព​កាត់ត និង​ខ្លឹមសារ​ទៅ​លើ​គណនី ហ្វេសប៊ុក​របស់​ខ្លួន ឈ្មោះ អ៊ា គីមស្រេង ប្រាប់​ថា​មិន​ចាំ​បាច់​ខ្លាច​ទេ ព្រោះ​គេ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​បើ​មាន​បញ្ហា​កើតឡើង គឺ​ឲ្យ​ប្ដឹង​គាត់ ទើប​ខ្លួន​សម្រេច​ចិត្ត​បង្ហោះ​រូបភាព​កាត់ត និង​ខ្លឹមសារ​ដែល​រិះគន់ និង​ជេរ​ប្រមាថ​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រះ​មហាក្សត្រ និង​សម្ដេច​យាយ។

ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ មឿន លីហ័រ បាន​បន្ត​ថា ខ្លួន​បាន​ស្គាល់​គ្នា​ជាមួយ​ឈ្មោះ អ៊ា គីមស្រេង អស់​រយៈ​ពេល ០៣​ឆ្នាំ​មក​ហើយ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​មក​ឈ្មោះ អ៊ា គីមស្រេង បាន​ផ្ញើ​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​រិះគន់​ជេរ​ប្រមាថ​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​បង្ហោះ​ក្នុង​អាខោន​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បី​ចែកចាយ​បន្ត​ឲ្យ​គេ​ឯង​បាន​ឃើញ ហើយ​ក៏​មិនទាន់​បាន​ប្រយោជន៍​ណា​មួយ​ពី​ឈ្មោះ អ៊ា គីមស្រេង នោះ​ដែរ។
កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​សាក​សួរ​រួច​ហើយ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

សូម​រលឹក​ថា កាល​ពី​រសៀល​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ មឿន លីហ័រ អាយុ​២០​ឆ្នាំ (មុខ​របរ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​រោងក្លឿ​ប្រទេស​ថៃ) ស្នាក់​នៅ​ភូមិ​ចាន់​គីរី​សង្កាត់ ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ៕