រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​បើក​ជៀស​រថយន្ដ​កុង​តៃ​ន័រ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ចូល​​ធ្លាក់​ទឹក​ប្រឡាយ

ភ្នំពេញ៖ រថយន្ត​លាយ​បេ​តុង​ក្រុម​ហ៊ុន​ឡុង​ម៉េង​១​គ្រឿង បាន​ខណៈ​ពេល​កំពុង​បើក​បរ​ជៀស​គ្នា​ជា​មួយ​រថយន្ត​ដឹក​ដី​១​គ្រឿង​ផ្សេង ទៀត ដោយ​កង់​ម្ខាង​ជាន់​បបេះ​មាត់​ប្រឡាយ​នោះ បណ្ដាល​ឲ្យ​បាក់​ដី​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល និង​បាន​ក្រឡាប់​ផ្ងារ​ ជើង​ឡើង​លើ​ជ្រូង ប៉ុន្តែ​ជា​សំណាង​ល្អ​នៅ​ក្នុង​ខណៈ​នោះ មិន​បាន​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​រង​របួស​នោះ​ឡើយ ព្រោះ​បាន​លោត​ចេញ ក្រៅ​ទាន់​ ។

ហេតុ​ការណ៍​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ លំ​មួយ​កន្លែ​ដែល​មាន​ប្រឡាយ​អម​សង​ខាង ស្ថិត​នៅ​ខាង​កើត​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​លាយ​បេតុង​១​គ្រឿង​នោះ​ពណ៌​ស​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-1372 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ ហើយ​នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ រថយន្ត​១​គ្រឿង​នេះ​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ ស្រាប់​តែ​មាន​រថយន្ត​បែន​យី​ឌុប​ដឹក​ដី ១​គ្រឿ​ង​ទៀត បើក​បរ​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​ទៅ​ដល់​ខណៈ​នោះ​បាន​បើក​ជៀស​គ្នា ហើយ​ដោយ​សារ​តែ​ផ្លូវ​នោះ​តូច បាន​ធ្វើ​ឲ្យ​កង់ ម្ខាង​របស់​រថយន្ត​លាយ​បេ​តុង​ខាង​លើ ជាន់​ប​បេះ​មាត់​ប្រឡាយ​ទើប​ធ្វើ​ឲ្យ​បាក់​ដី​ផុង​កង់ និង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ក្រឡាប់ បះ​ជើង​ឡើង​លើ​ជ្រូង​តែ​ម្ដង ។

ពេល​នោះ​អ្នក​បើកបរ​បាន​លោត​ចុះ​ចេញ ដោយ​សុវត្ថិភាព​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ឡើយ ក្រោយ​ពេល​កើត​ហេតុតំណា​ង​ក្រុម​ហ៊ុន ឡុង​ម៉េង បាន​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​មួយ​គ្រឿង​នេះ​ចេញ​ពី​កន្លែង​កើត​ហេតុ​ទៅ​ធ្វើ​ការ​ជួស​ជុល ឡើង​វិញ​ដោយ​ខ្លួន​ឯង ៕