ទិញ​កាំភ្លើង​ពី​ប្រទេស​ថៃ ប៉ុន​ប៉ុង​បាញ់​សម្លាប់​ម្តាយ​ក្មេក ព្រោះ​ខឹង​បំបែក​បំបាក់​ប្រពន្ធ​ពី​ខ្លួន

រាជធានីភ្នំពេញ: បុរស​ម្នាក់​ព្រោះ​តែ​ខឹង​នឹង​ម្តាយ​ក្មេក​ដោយ​សង្ស័យ​ថា ជា​ដើម​ចម​នៃ​ការ​បំបែក​បំបាក់​ខ្លួន​នឹង​ប្រពន្ធ បាន​សម្រេច​ទិញ​កាំ​ភ្លើង​ខ្លី​ពី​ប្រទេស​ថៃ មក​ប៉ុន​ប៉ុង​បាញ់​សម្លាប់​ម្តាយ​ក្មេក តែ​មិន​សម្រេច​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃ​ត្រង់​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​ត្នោត​ជ្រុំ៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌ​មានជ័យ ។

ជន​សង្ស័យ​មាន​ឈ្មោះ អ៊ុត បុរី អាយុ​​២៦​​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​​ក្រុង​​តាខ្មៅ ខេត្ត​កណ្តាល មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ព​ពេល ស្រុក​រំដួល ខេត្ដ​ស្វាយ​រៀង ។ ដោយ​ឡែក​ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ ស៊ឹម ចាន់​លី​ដា អាយុ​២៤​ឆ្នាំ មុខ​របរ​កម្ម​រោង​ចក្រ ស្នាក់​នៅ​​ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​ដើម​មាន សង្កាត់​​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្ដ​កណ្ដា​ល ។

មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ជន​សង្ស័យ និង​ស្ត្រី​ជា​ប្រពន្ធ ស្នាក់​នៅ​ជា​មួយ​គ្នា នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ប៉ុន្តែ​ក្រោយ​កើត​មាន​ជម្លោះ​ជា​រឿយ​ៗ​កន្លង​មក ស្ត្រី​ជា​ប្រពន្ធ​បាន​ចាក​ចេញ​ពី​បុរស​ជា​ប្តី មក​នៅ​ជា​មួយ​ម្តាយ​បង្កើត នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌ​មាន​ជ័យ ។ ហើយ​អ្នក​ទាំង​២​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា ច្រើន​លើក​ច្រើន​សារ​ផង​ដែរ ។

តាម​ចម្លើយ​ឆ្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​អោយ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​តែង​ចាក​ចេញ​ពី​ខ្លួន​ទៅ​នៅ​ជា​មួយ​ម្តាយ​ក្មេក​បែប​នេះ ២​ទៅ​​៣​លើក​ហើយ​បន្ទា​ប់​ពី​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ៗ ដោយ​ជេឿ​តាម​ពាក្យ​សម្តី​របស់​ម្តាយ ។ ជន​សង្ស័យ​បន្ត​ថា មុន​១​ខែ ក្រោយ​កើត​មាន​ចិត្ត​ខឹង​រហូត​ប៉ុន​ប៉ុង​បាញ់​សម្លាប់​ម្តាយ​ក្មេក​បែប​នេះ គឺ​ប្រពន្ធ​របស់​ខ្លួន​បាន​ចាក​ចេញ​ពី​ខ្លួន​ម្តង​ទៀត​ទៅ​រស់​នៅ​ជា​មួយ​ម្តាយ អស់​រយះ​ពេល​១​ខែ ក្រោយ​កើត​ជម្លោះ​ជា​ថ្មី ហើយ​នាង​ក៏​ពុំ​ព្រម​ត្រឡប់​មក​រួម​រស់​ជា​មួយ​បុរស​ជា​ប្តី​វិញ​ឡើយ ។

បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​ត្រឡប់​មក​រួម​រស់​ជា​មួយ​វិញ​ហើយ​នោះ ជន​សង្ស័យ​ជា​ប្តី​បាន​គិត​ថា ស្ត្រី​ចំណាស់​ជា​ម្តាយ​ក្មេក គឺ​ជា​ដើម​ចម​តែ​មួយ នៃ​ការ​បំបែក​បំបាក់​ខ្លួន និង​ប្រពន្ធ ទើប​រូប​គេ​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ ទិញ​កាំ​ភ្លើង​ខ្លី​មួយ​ដើម ម៉ាក​ប៉េ​អា​ម៉ាប់ ប៉ុន​ប៉ង​ទៅ​បាញ់​សម្លាប់​ម្តាយ​ក្មេក​ដល់​ផ្ទះ ។ កំឡុង​ពេល​ទៅ​ដល់​ផ្ទះ​របស់​ម្តាយ​ក្មេក ជន​សង្ស័យ​បាន​បបួល​ស្ត្រី​ជា​ប្រពន្ធ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​ខ្លួន ប៉ុន្តែ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ប​ដិសេធ ជា​ហេតុ​នាំ​អោយ​ជន​សង្ស័យ​ទាញ​កាំ​ភ្លើង​ចេញ​ពី​ចង្កេះ ប៉ុន​ប៉ង​បាញ់​សម្លាប់​ស្ត្រី​ជា​ម្តាយ​ក្មេក ប៉ុន្តែ​សំណាង​ល្អ​ពេល​នោះ កាំភ្លើង​របស់​ជន​សង្ស័យ​បាញ់​មិន​ចេញ​គ្រាប់ នាំ​អោយ​ស្ត្រី​ជា​ប្រពន្ធ​ស្ទុះ​ទៅ​ប្រតាយ​ប្រតប់​ជា​មួយ​ជន​សង្ស័យ ដើម្បី​ដណ្តើម​កាំ​ភ្លើង ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូល​ដ្ឋាន​បាន​ប្រទះ​ឃើញ ក៏​ចូល​ទៅ​ចាប់​ឃាត់​ជន​សង្ស័យ និង​អាវុធ​ខ្លី​បាន​ភ្លាម​ៗ​តែ​ម្តង បញ្ចូន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន ដើម្បី​បន្ត​នីតិវិធី ។

សូមបញ្ជាក់ថា កាំ​ភ្លើង​របស់​ជន​សង្ស័យ​ម៉ាក ប៉េ​អាម៉ាប់ មាន​គ្រាប់​ចំនួន​៨ ហើយ​កាំ​ភ្លើង​នេះ​រូប​គេ​ទើប​តែ​ទិញ​មក​ពី​ប្រទេស​ថៃ​បាន​៦​ថ្ងៃ ។ យ៉ាង​ណា​​មិញ បច្ចុប្បន្ន និង​វត្ថុតាង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន រង់​ចាំ​កសាង​សំណុំ​រេឿង​បញ្ចូន​ទៅ​តុលា​ការ​ចាត់ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់ ៕ លីហេង