អបអរសាទរ! សម្ដេច​តេជោ ហ៊ុន សែន នឹងអនុញ្ញាត​ឲ្យ​បេក្ខជន​ជាប់​និទ្ទេស A ទាំង​អស់​ចូលជួប

រាជធានី​ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ជាប់​និទ្ទេស A ទាំង​អស់ចូល​ជួប​​នា​ពេល​ខាង​មុខ​នៅ នៅ​វិមាន​សន្តិភាព ហើយ​ព្រម​ទាំង​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ទៀត​ផង។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា បាន​បង្ហោះខ្លឹម​​សារ​យ៉ាង​ដូច្នេះ​ថា «អបអរ​សាទរ​បេក្ខជន​ទទួល​បាន​និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង៖ ២១ សីហា ២០១៧ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ក្នុង​ពេល​ខាងមុខ ព្រម​ទាំង​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង នេះ​ដោយ​យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​។»

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ក្រសួង​អប់​រំ​បាន​ឲ្យ​ដឹង​ទៀត​​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៧​នេះ សិស្សានុសិស្ស ដែល​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៤២៤នាក់ និទ្ទេស​B ចំនួន​ ២ ៤៦៤នាក់ និទ្ទេស​C ចំនួន​ ៥ ០០០នាក់ និទ្ទេស​ D ចំនួន​ ៩ ១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦ ៦៥៧នាក់៕