នាង​ប្រឡង​ជាប់​ហើយ! តែ​គួរឲ្យ​ស្ដាយ​នាង​ស្លាប់​បាត់​ទៅ​ហើយ

ខេត្ត​ព្រះ​វិហារ៖ យុវសិស្ស​វ័យ​ក្មេង​ម្នាក់​ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ២១ សីហា ២០១៧ បាន​ប្រឡង​ជាប់​ទៅ​ហើយ ​ហើយ​បាន​និទ្ទេស E តែ​គួរឲ្យ​ស្ដាយ​ណាស់ ដែល​នាង​មិន​អាច​ដឹង​ឡើយ ព្រោះ​នាង​បាន លាចាក​លោក​ហើយ ដោយសារ​តែ​នាង​បាន​ជួប​រឿង​អកុសល ត្រូវ​ឃាតក ស្ទាវ​ឈាម​រាវ​សម្លាប់​មុន​ពេល​ចេញ​លទ្ធផល​ប្រឡង។​

យុវសិស្ស​រងគ្រោះ​ឈ្មោះ រីម ភារី អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ ជា ស៊ីម ត្បែង​មាន​ជ័យ និង​ជា​បេក្ខជន​ប្រឡង​មណ្ឌល វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ។ នាង​រស់​នៅ​ភូមិ​ត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។​

សូម​រលឹក​ថា កាល​ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០១៧ យុវតី​រងគ្រោះ​បាន​ជួប​រឿង​អកុសល ដែល​ត្រូវ​ជន​សង្ស័យ​បបួល​ទៅ​ព្រៃ​ខ្មោច ហើយ​ចាប់​រំលោភ​តែ​មិន​បាន​សម្រេច ព្រោះ​នាង​មិន​ព្រម ហើយ​បាន​ប្រតាយប្រតប់​គ្នា។​ ដោយ​ខ្លាច​បែកការណ៍​ជន​សង្ស័យ​ក៏​យក​ដំបង​ឈើ​បុក​លើ​មុខ​នាង​ជា​ច្រើន​ដង ហើយ​បាន​វាយ​សំពង​បន្ថែម​ទៀត​រហូត​នាង​ដាច់​ខ្យល់​ស្លាប់ ហើយ​រត់​គេច​ខ្លួន​បាត់ ទុក​សព​ចោល​នៅ​កន្លែង​កើត​ហេតុ។ លុះ​ដល់​ថ្ងៃ​ទី ៧ ខែកញ្ញា ឆ្នាំ​២០១៧ ទើប​សព​ត្រូវ​បាន​រក​ឃើញ និង​សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​ជន​សង្ស័យ​បាន។ នៅ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​សម្លាប់​យុវតី​រងគ្រោះ​មែន។​

ជឆ​សង្ស័យ​ជា​ឃាតក គឺ​ជា​ក្មេង​ស្ទាវ​ឈាមរាវ ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិឃុំ​ជា​មួយ​យុវតី​រងគ្រោះ​ដែរ។​

ទោះ​ជា​យ៉ាងណា​ក្ដី នេះ​ជា​រឿង​មួយ​ដែល​មហាជន​មាន​ក្ដី​អាណិត និង​​សោក​ស្ដាយ។ ម្នាក់​ៗ​ពោល​ថា បើ​នាង​នៅ​រស់​វិញ ម្ល៉េះ​សម​នាង​និង​ក្រុមគ្រួសារ​ត្រេកអរ​នឹង​លទ្ធផល​ដែល​នាង​បាន​ប្រឡង​ជាប់ បើ​ទោះ​ជា​មិន​បាន​និទ្ទេស​ល្អ​ណាស់​ណា​ក៏​ដោយ។ ប៉ុន្តែអ្វីៗវាបានកន្លងផុតហួសទៅហើយ បន្សល់ទុកតែលទ្ធផល ដែលនាងខិតខំរៀនសូត្រប៉ុណ្ណោះ៕