នារី​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​ពេក រហូត​ដួល​សន្លប់​តែ​ជា​អកុសល​ពេល​បញ្ជូន​ដល់​មន្ទីរ​ស្លាប់

ភ្នំពេញៈ ស្រ្តី​​ដែលជា​កម្មការិនី​រោង​ចក្រ ស្តារ​ហ្វ័យូរ​ម្នាក់​ដួល​សន្លប់ ពេល​កំពុង​បំពេញ​កាងារ ប៉ុន្តែ​អកុសល​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន ទៅ​ដល់​មន្ទី​ពេទ្យ​កាល​ពី​វេលា​១០​និង​៤០​នាទី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារី​រងគ្រោះ​ឈ្មោះ ផុន សាវ៉ាន់ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​ជួល ម្តុំ​រោង​ចក្រ​ខាង​លើ​មាន​ស្រុក​កំណើត ភូមិ​ខ្វិត ឃុំបាធាយ​ស្រុក​បា​ភ្នំ​ ខេត្ដព្រៃវែង ។

តាម​ប្រភព​ពី​អ្នក​ដែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​បាន​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ចូល​មក​ធ្វើ​ការ​ហើយ​បាន​ទៅ​ស្គែន​មេ​ដៃ​រួច​បាន​ចូល​ទៅ​តុ​សម្រាប់​អង្គុយ​តែ​មិន​ទាន់​បាន​ទៅ​ដល់​តុ​ផង ស្រាប់​តែ​ដួល​ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​និង​លាប​ព្រេង​កូឡា មើល​ទៅ​មាន​សភាព​មិន​អាច​ជួយ​បាន​តេ​ហៅ​ប្តី​ស្ត្រី​រងគ្រោះ​អោយ​មក​ជួយ​យក​ទៅ​ពេទ្យ​មូល​មិត្ត តែ​ពេទ្យ​ថា ជម្ងឺ​របស់​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ទៅ​ហើយ អោយ​បញ្ជូនបន្ត ទៅ​កាន់​មន្ទីរ​ពេទ្យ​រុស្ស៉ី​ជា​អកុសល ពេល​ទៅ​ដល់​ពេទ្យ​រូប​នាង​បាន​ក្អួត​ហើយ​ក៏​និយាយ​ថា​ថប់​ដង្ហើម​ណាស់ ហើយ​ក៏​បាន​ដាច់​ខ្យល់​ស្លាប់ ។

ក្រោយ​ពី​កើត​ហេតុ​រួច​សម្ថតកិច្ច​មូល​ដ្ឋាន​និង​សម្ថតកិច្ច​ជំនាញ​ខាង​កោស​ល​វិច្ឆ័យ​ទៅ​ពិនិត្យ​សព​នោះ​រួច​បាន​អោយ​ដឹង​ថា​ស្លាប់​ដោយ​សារ​តែ​គាំង​បេះ​ដូង ។​ចំណែក​សាក​សព​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី ៕