ថ្ងៃចូលរោងការ បាត់កូនក្រមុំ

កំពង់ឆ្នាំង៖ អ្នក​ភូមិ​ចារ​ថ្មី បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ខណៈ​សម្លេង​ភ្លេង​ការ ដែល​គ្រោង​នឹង​ប្រគុំ នៅ​ផ្ទះ​ខាង​កូន​ក្រមុំ ក្នុង​ភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ក្នុង​ថ្ងៃ​ចូល​រោង​ការ ប្រែ​ជា​ស្ងាត់​ជ្រងុំ ជំនួស​មក​វិញ​នូវ​ភាព ជ្រួល​ច្របល់​អស់​ញាតិ​ទាំង​ពួង​ព្រោះ​តែ​កូន​ក្រមុំ បាន​គេច​ខ្លួន​បាត់​ពី​ផ្ទះ នៅ​ថ្ងៃ​ចូល​រោង​ការ។

បើ​តាម​ប្រភព​ពី អ្នកស្រី ផាន់ សិរី អាយុ ៣៩​ឆ្នាំ ត្រូវ​ជា​ម្តាយ​ខាង​ស្រី បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់ ដែល​ជា​កូន​ក្រមុំ ក្នុង​ថ្ងៃ​ចូល​រោង​ការ​នេះ មាន​ឈ្មោះ សុខ សិរីវឌ្ឍន៍ អាយុ ២១​ឆ្នាំ ជា​កម្មការនី​បម្រើ​ការងារ នៅ​រោង​ចក្រ​អឹវ៉េ ខេត្ត​កំពង់ឆ្នាំង​។ ចំណែក​ឯ​កូន​កម្លោះ​ឈ្មោះ ស៊ិន ស៊ីវង៉ុក អាយុ ២២ឆ្នាំ រស់​នៅ​ភូមិ​បាញ់​ឆ្គោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។

អ្នក​ស្រី ផាន់ សិរី បាន​បន្ត​ទៀត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ហួស​ចិត្ត ស្មាន​មិន​ដល់ ដែល​ជា​ថ្ងៃ​ចូល​រោង សូត្រ​មន្ត​ញាតិ​មិត្ត ជិត​ឆ្ងាយ​ទាំង​សង​ខាង បាន​មក​ដល់ ហើយ​រោង​បាន​រៀប​ចំ រួច​ជា​ស្រេច សម្រាប់​ពិធី​មង្គល​ការ នេះ ស្រាប់​តែ​បាត់​កូន​ស្រី​របស់​គាត់ ដែល​ជា​កូន​ក្រមុំ​ត្រៀម​ចូល​រោង​ការ​នេះ បាត់​ចេញ​ពី​បន្ទប់​ទាំង​ព្រលឹម​ស្រាង​ៗ ធ្វើ​ឲ្យ​ភ្ញៀវ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ផ្អើល​ឈូ​ឆរ នាំ​គ្នា​ចាត់​មនុស្ស​ដើរ​រក​កូន​ក្រមុំ គ្រប់​ច្រក​ល្ហក តែ​ទោះ​ជា​ខំ​រក​យ៉ាង​ណាក៏​នៅ​មិន​ឃើញ​នោះ​ដែរ ទូរស័ព្ទ​របស់​នាង​ក៏​ទាក់​ទង​មិន​ចូល រួច​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​សមត្ថកិច្ច​សម្រាប់​ជា​ការ​ដឹង​ឮ ។

កូន​ក្រមុំ​ដែល​បាត់​ខ្លួន​ទៅ​នេះ បាន​ភ្ជាប់​​ទៅ​ជា​មួយ​នឹង គ្រឿង​អលង្ការ មាន​ខ្សែ​ដៃ ខ្សែ​ក ចិញ្ចៀន​ទាំង​មាស និង​ប្លាទីន ប្រមាណ ១​តម្លឹង ដោយ​មិន​ដឹង​ថា កូន​គាត់​ទៅ​ជា​មួយ​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​គាត់​បាន​បង្ហើប​ថា ការ​បាត់​កូន​ស្រី​របស់​គាត់ គឺ​ស្រប​ពេល​ដែល​បុរស​ម្នាក់ ដែល​ជា​អ្នក​ធ្វើការ​នៅ​អឹម​វ៉េ ជា​មួយ​គ្នា​បាន​បាត់​ខ្លួន​ផង​ដែរ ហើយ​ទូរស័ព្ទ​​ក៏​ទាក់​ទង​មិន​ចូល​ដូច​គ្នា។

ចំណែក​ឯ​ឪពុក​កូន​ក្រមុំ​វិញ បាន​ប្រាប់​ថា កូន​ស្រី​របស់​គាត់​អាច​ចាញ់​បោក​គេ ពី​ការ​ល្បួង​លួង​លោម ឲ្យ​នាង​ចេញ​ពី​រោង​ការ នៅ​ពេល​ដែល កូន​កម្លោះ​ចូល​ដណ្តឹង​កូន​ស្រីរបស់គាត់ មិន​បាន​ប្រកែក​ប្រណាំង​អ្វី​ដែរ រហូត​បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ នៅ​មុន​ដល់​ថ្ងៃ​រៀប​មង្គល​ការ​នេះ ៕