តុលាការ​ផ្ដន្ទាទោស​ឃាតក​សម្លាប់​យុវតី​១៩​ឆ្នាំ រុំ​យក​បោះចោល ដាក់ពន្ធនាគារ​ចំនួន​…

រាជធានី​ភ្នំពេញ៖ ក្រុម​ប្រឹក្សា​ជំនំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឃាតកសម្លាប់​យុវតី​វ័យ​១៩​ឆ្នាំ​រុំ​សព​បោះចោល កាល​ពី​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។

សេចក្ដីសម្រេច​នេះ តុលាការ​មិន​បង្គាប់​ឲ្យ​ជន​ល្មើស​ សងជំងឺចិត្ត​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទេ ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​ទាមទារ​សំណង ថែម​ទាំង​ដក​ពាក្យ​ឈប់​ប្ដឹង​ទៀត​ផង​។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ ឈ្មោះ យ៉េន សុ​បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ជាប់ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៧​ ក​ន្ល​ងទៅ ឈ្មោះ យ៉េន សុ​បញ្ញា បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​តេហៅ​សង្សារ​មក​និយាយ​គ្នា​លេង ពេល​នោះ​សង្សារ​ក៏​មក​ដោយ​មិនយូរ​ប៉ុន្មាន​ក៏​សុំ​ទៅ​ផ្ទះ​វិញ ដោយ​ប្រាប់​ថា ម៉ាក់​តេ​ហៅ​ទៅ​ផ្ទះ​វិញ ពេល​នោះ​ខ្លួន​ក៏​មានចិត្ត​ខឹង​សង្សារ​ដែល​ទារ​ទៅ​ផ្ទះ​វិញ ហើយ​ខ្លួន​ក៏​បាន​ដើរទៅ​រោង​បាយ​យក​ខ្សែភ្លើង​មក​រឹត.​ក ហើយ​រឿង​នេះ​ខ្លួន​មិន​បាន​រៀបចំ​ទុក​មុន​នោះ​ទេ ដោយសារ​តែ​រូប​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក បណ្តាល​ឲ្យ​បាត់បង់​ស្មារតី ទើប​ប្រព្រឹត្ត​អំពើ​បែប​នេះ​។

ចំណែក ជនជាប់ចោទ​ឈ្មោះ ហ៊ី សុ​ភ័ក្ត្រ បាន​ឆ្លើយ​នៅ​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ថា «​នៅ​ថ្ងៃ​នោះ ឈ្មោះ យ៉េន សុ​បញ្ញា​បានយក​ម៉ូតូ​យក​មក​បញ្ចាំ​នៅ​ហាង​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​សួរ​ដែល​ថា តើ​ម៉ូតូ​នេះ​មាន​ឯកសារ​អត់? ហើយ​ឈ្មោះ យ៉េន សុ​បញ្ញា ថា​មាន​តែ​ចាំ​ស្អែក​ចាំ​យក​មក​ឲ្យ ​ហើយ​ខ្ញុំ​ក៏​ឲ្យ​ទៅ។​ ​ដល់​តែ​ស្អែក​ឈ្មោះ យ៉េន សុ​បញ្ញា និង​មនុស្ស​ប្រុស​ពីរ​នាក់​ទៀត មក​យក​លុយ​បន្ថែម​ទៀត ខ្ញុំ​សួរ​ថា ឯណា​ឯកសារ ហើយ​ឈ្មោះ យ៉េន សុ​បញ្ញា ថា​អត់​មាន ខ្ញុំ​ក៏​មិន​បាន​ឲ្យ​លុយ​ទៀត​ដែរ​»​។

ដើមបណ្ដឹង​រដ្ឋប្បវេណី គឺ​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ឈ្មោះ កែវ កញ្ញា អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ក្លឹ​ប​៥៥ (​ស្លាប់​) មិន​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​នោះ​ទេ និង​បាន​ដក​ពាក្យបណ្តឹង​ឈប់​ប្តឹង​លើ​ជនជាប់ចោទ​ឈ្មោះ យ៉េន សុ​បញ្ញា ទៅ​វិញ​។

តំណាង​អយ្យការ លោកស្រី កែវ សុ​គ​ន្ធា ធ្វើ​សេចក្តីសន្និដ្ឋាន​នៅ​តែ​តម្កល់​បទ​ចោទ​លើ​ជនជាប់ចោទ​ឈ្មោះ យ៉េន សុ​បញ្ញា ពី​បទ ឃាតកម្ម​គិត​ទុកជា​មុន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​២០០ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។ ចំណែក​ជនជាប់ចោទ​ឈ្មោះ ហ៊ី សុ​ភ័ក្ត្រ ក៏​តម្កល់​បទ​ចោទ​ដែល​ពី​បទ​ទទួលផល​ចោរកម្ម តាម​មាត្រា​៣៩៩ និង​មាត្រា​៤០០​។

គួររំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ព្រឹក សាកសព​នារី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​អ្នក​រើស​សំរាម​ប្រទះ​ឃើញ ស្លាប់​យ៉ាង​អណោចអាធ័ម ដោយ​សព​​នោះ ត្រូវ​បាន​ឃាតក​យក​ខ្សែភ្លើង​រឹត​.ក សម្លាប់ រួច​យក​អាវ​បិទមុខ និង​រុំ​ភួយ​ជិត ព្រមទាំង​យក​ខ្សែ​ចង​ដងខ្លួន​ចងជើង ហើយ​រុំ​នឹង​កម្រាលពូក​យក​មក​ប្លុង​ចោល​នៅ​គំនរ​សំរាម​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ស្ថិត​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

អាវុធហត្ថ​ខណ្ឌ​សែន​សុខ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ កែវ កញ្ញា ស្នាក់​នៅផ្ទះ​លេខ​១១៤៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បន្ទាប់​មក​ក៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាតក​បាន៕