ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ដែល​គេ​សម្លាប់​ច្រក​ការុង​ហើយ សង្ស័យ​ករណី (មាន​វីដេអូ)

ខេត្ត​កំពង់​ឆ្នាំង៖ សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​ច្រក​ក្នុង​ការុង យក​មក​បោះ​ចោល ក្នុង​ភូមិ​ព្រៃ​ពិស ឃុំ​ច្រេស ស្រុក​កំពង់​ត្រឡាច ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​នាង​មាន​ប្ដី​ជា​មន្ត្រី​នគរបាល​ម្នាក់​នៅ ភ្នំពេញ និង​បាន​លែងលះ​ជាមួយ​នាង តែ​មិន​ទាន់​ដាច់​ស្រេច បាន​នាំ​ក្រុម​គ្រួសារ​មក​សុំ​គាស់​សព​ដែល​បញ្ចុះ​ទុក​ក្នុង​វត្ត​ចាស់​ក្បែរ​កន្លែង​កើតហេតុ បូជា​យក​ធាតុ​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​លំនៅ​ដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៧។

យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា៖ សព​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ទិត លីនដា អាយុ​៤២​ឆ្នាំ មាន​កូន​៣​នាក់ រស់​នៅ​ភូមិ​ទី​៨ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ ប្តី​របស់​នាង​ជា​មន្ត្រី​នគរបាល​អង្គរក្ស​នៅ​ក្នុង​ក្រុង​ភ្នំពេញ បាន​លែងលះ​គ្នា តែ​មិន​ទាន់​ដាច់​ស្រេច ហើយ​នាង​បាន​ចេញ​ពី​ផ្ទះ​មក​ធ្វើ​ជា​កម្មការនី​នៅ​ក្នុង​រោងចក្រ​ជាមួយ​ក្មួយ និង​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ហើយ​តាំង​ពី​នាង​បែក​ពី​ប្តី​មក​នាង​មិន​ដែល​ទូរសព្ទ​ទៅ​ប្តី​ឡើយ មាន​ការ​អី​ទូរសព្ទ​ប្រាប់​តែ​កូន​ប៉ុណ្ណោះ។

នៅ​មុន​ថ្ងៃ​បាត់​ខ្លួន​គឺ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ស្ត្រី​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​គុប​របស់​ក្មួយ​មក​ជិះ និង​ខ្ចី​ប្រាក់​អ្នក​ជិត​ខាង​២​ម៉ឺន​រៀល ថា​មក​ទិញ​សាច់គោ​នៅ​ស្រុក​កំពង់​ត្រឡាច ហើយ​ក៏​បាន​បាត់​ខ្លួន​រហូត​មក។ នៅ​ព្រឹក​ថ្ងៃទី០៧ ខែកញ្ញា ប្ដី​ស្ត្រី​រងគ្រោះ និង​ក្រុម​គ្រួសារ មាន​ការ​សង្ស័យ​ក៏​បាន​កាន់​រូប​ថត​នាង​មក​បង្ហាញ​សមត្ថកិច្ច ពេល​ដឹង​ភិន​ភាគ​ស្ត្រី​រងគ្រោះ ច្បាស់​ហើយ ក៏​បាន​សុំ​គាស់​យក​សព​ដែល​សមត្ថកិច្ច​បាន​បញ្ចុះ​ទុក​នៅ​ក្នុង​វត្ត​ចាស់​ជិត​ចំណុច​កើតហេតុ បូជា​យក​ធាតុ​ទៅ​ធ្វើ​បុណ្យ​នៅ​ក្នុង​លំនៅ​ដ្ឋាន​វិញ ។
ករណី​នេះ​គេ​សង្ស័យ​ថា ជន​រងគ្រោះ​អាច​ត្រូវ​គេ​សម្លាប់​ប្លន់​យក​ម៉ូតូ​គុប ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​បំបែក​សំណុំ​រឿង​ឃាតកម្ម​នេះ។

សូម​រំលឹក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់ ដោយ​ឃាតក​កាប់​លើ​ផ្ទៃ​មុខ​ជា​ច្រើន​កាំបិត ច្រក​ការុង ហើយ​ចោល​នៅ​ក្បែរ​ប្រឡាយ​ទឹក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ភូមិ​ព្រៃ​ពិស ឃុំ​ច្រេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។