លោក​អភិបាល​ខេត្ត​កណ្ដាល​អញ្ជើញ​ដល់​ទីតាំង​រុះរើ​ផ្ទះ​៣​ខ្នង (មាន​វីដេអូ)

ខេត្ត​កណ្ដាល៖ នៅ​រសៀល​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល​បាន​អញ្ជើញ​ដល់​ទីតាំង​កើត​ហេតុ ផ្ទុះ​ហិង្សា នៃ​ការ​រុះរើ​ផ្ទះ​ពេល​អាជ្ញាធរ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​នៅ​ស្រុក​ស្អាង​កាល​ពី​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល។ ខណៈ​នេះ​ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ករណី​នេះ​ ឱ្យ​បាន​ស៊ីជម្រៅ។

អំពើ​ហិង្សា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល​ ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ លើ​ផ្ទះ​ប្រជាពលរដ្ឋ​បី​គ្រួសារ​ នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង។ ប្រជាពលរដ្ឋ​ បាន​រារាំង​និង​ដុត​កង់​ឡាន​ករណី​នេះ។ សមត្ថកិច្ច​បញ្ជាក់​ថា​ បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ក្នុង​ហេតុការណ៍​នេះ​ ដើម្បី​សាកសួរ​បន្ថែម។

សូម​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​ខេត្ត​កណ្ដាល បាន​ចុះ​អនុ​វត្ត​​តាម​សាលក្រម​របស់​តុលាការ​កំពូល ដែល​ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ​ស្រុក​ស្អាង ដោយ​ធ្វើការ​រុះផ្ទះ​ចំនួន​៣​ខ្នង ប្រគល់​ដី​ទៅ​ឱ្យ​ភាគី​ឈ្នះក្តី។

ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលក្រម​នេះ ភាគី​ចាញ់​ក្ដី បាន​ដុត​កង់ឡាន​​នៅ​មុខ​ផ្ទះ​របស់​ខ្លួន និង​លើក​រូបថត​សម្ដេច​តេជោ សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត សុំ​ឱ្យ​​ជួយ​រក​​យុត្តិ​ធម៌​ដល់​ពួក​គាត់ ខណៈ​ពេល​មាន​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ចុះ​មក​ការពារ​ការ​អនុវត្ត​សាលក្រម​នេះ។

បើ​ទោះបី​មានការ​ស្រែក​ទ្រហោ​យំ លាន់ឮ​កងរំពង លើកដៃ​សំពះ និង ធ្វើការ​រារាំង​យ៉ាង​ខ្លាំង​សុំ​ឱ្យ​សមត្ថកិច្ច និង​មន្ត្រី​តុលាការ ផ្អាក​ការ​រុះរើ​ផ្ទះ រហូត​មាន​ភាគី​ចាញ់ក្ដី ដួល​សន្លប់ ២​នាក់​ក៏​ដោយ ក៏​ការ​អនុវត្ត​សាលក្រម​នេះ​បាន​ជោគជ័យ គឺ​ប្រើ​គ្រឿងចក្រ និង​កំលាំង​កម្មករ​រុះរើ​ផ្ទះ​បី​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង និង​ផ្ទះ​ថ្ម​ប្រក់​ស័ង្កសី​២​ខ្នង បាន​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល។

ប៉ុន្តែ​បើ​​តាម​មន្ត្រី​តុលាការខេត្ត​កណ្ដាល​ ​ដឹកនាំ​កម្លាំង​ចម្រុះ មក​អនុវត្ត​សាលក្រម របស់​តុលាការ​កំពូល​បាន​ឱ្យ​ដឹង​ថា រឿង​ក្តី​នេះ​ គឺ​កើត​មាន​តាំងពី​ឆ្នាំ​២០០៤ មក ដែល​មាន​ដើម​បណ្ដឹង ឈ្មោះ ម៉ី កល្យាណ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​​ចំការមន រាជធានី​ភ្នំពេញ ជា​អ្នក​ឈ្នះក្តី ចាប់​តាំង ពី​លា​លា​ដំបូង​ខេត្ត​កណ្ដាល សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។ ចំណែក​ភាគី​ចាញ់ក្ដី ទី​១ ឈ្មោះ ប៉ុន ថត ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ទី​២​ឈ្មោះ អ៊ុង អ៊ីម​ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ និង​ទី​៣ ឈ្មោះ សែ គឹមអូន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​បី​នាក់​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង។

ដី​ដែល​អនុវត្ត​សាលក្រម ឲ្យ​ទៅ​ភាគី​ឈ្នះក្តី មាន ទំហំ២៥​គុណ​និង​១០​ម៉ែត្រ ពីរ​ប្លង់ និង​ដី​ទំហំ២០​គុណ​ និង​១០០​ម៉ែត្រ មួយ​ប្លង់ ។ សាលក្រម របស់​តុលាការ​កំពូល បាន បង្គាប់​ឱ្យ​​ភាគី​ចាញ់ក្តី រុះរើ​ផ្ទះ​ចេញ​ប្រគល់​ដី​អោយ​ភាគី​ឈ្នះ​ក្ដី និង​ជួយ​ដោះស្រាយ សំណង ពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​១​ពាន់​ដុល្លារ និង មួយ​គ្រួសារ​ទៀត ២ ពាន់​ដុល្លារ តែ​ភាគី​ចាញ់ក្ដី​មិន​ព្រម​រុះរើ តាម​សាលដីកា។

ប៉ុន្តែ​បើ​តាម​ភាគី​ចាញ់ក្តី​ទាំង​បី​គ្រួសារ បាន​ប្រាប់​អោយ​ដឹង​ថា ដី​នេះ​ជា​ដី​ពួក​គាត់​រស់​នៅ​​តាំង​ពី ឆ្នាំ​១៩៨៧ មក​ម្ល៉េះ គឺ​តាំងពី​មិន​ទាន់​មាន​អ្នក​រស់នៅ​ច្រើន​មក​ម្ល៉េះ។ ហើយ​ក៏​មាន​ការ​ទទួលស្គាល់ ពី​ប្រធាន​ភូមិ មេឃុំ​ដែរ។ ភាគី​ចាញ់ក្ដី​ថា សាលក្រម ឲ្យ​ពួក​គាត់​ចាញ់ក្ដី​បែប​នេះ​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ និង បាន​លើក​រូបថត​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុត្តិធម៌ ដល់​ពួក​គាត់​ទាំង​អស់​គ្នា ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង។

Video 1

Video 2

Video 3

Video 4

Video 5

Video 6