ជន​សង្ស័យ​ចាប់​រំលោភ​រួច​សម្លាប់​វាយ​កម្ទេច​មុខ ក្មេង​ស្រី​នៅ​ខេត្ត​ព្រះ​វិហារ ចាប់​បាន​ហើយ

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​​នគរបាល​​បាន​វែក​មុខ និង​​ឃាត់​ខ្លួន​​បាន​​ជន​សង្ស័យ​​បញ្ជូន​​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ព្រះ​វិហារ​ករណី​​អំពើ​​ឃាត​កម្ម​​គិត​​ទុក​ជា​​មុន ដែល​​បាន​ប្រព្រឹត្ត​​ឡើង​​នៅ​​ថ្ងៃ​​ទី​​៥ ខែ​កញ្ញា ឆ្នាំ​​២០១៧ កន្លង​​ទៅ​​នេះ​​ស្ថិត​​ក្នុង​ភូមិ​​ត្រពាំង​​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ។

លោក​​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយ​សេនា​អធិការ​ដ្ឋាន​​នៃ​​ស្នង​​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ព្រះ​វិហា​រ​​បាន​​ឲ្យ​​ដឹង​​នៅ​​រសៀល​​ថ្ងៃ​​ទី​​០៨ ខែ​កញ្ញា ឆ្នាំ​​២០១៧នេះ​​ថា​​ ជន​សង្ស័យ​​ម្នាក់​​ឈ្មោះ គង់ សំណាង ភេទ​​ប្រុស អាយុ​​១៦​​ឆ្នាំ រស់​នៅ​​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​​រមទម ស្រុក​​រវៀង ខេត្ត​ព្រះ​វិហារ ដែល​​សមត្ថកិច្ច​​អធិការដ្ឋាន​​ស្រុក​​រវៀង​បាន​​ឃាត់​ខ្លួន​​នេះ​​ក្នុង​​អំពើ​​ឃាត កម្ម​​គិត​​ទុក​ជា​មុន​​ទៅ​​លើ​​យុវតី​​ម្នាក់​​ឈ្មោះ រ.ធ.​រ អាយុ​​១៩​​ឆ្នាំ រស់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ ។ ករណី​​នេះ​ជន​សង្ស័យ​​បាន​​ប្រព្រឹត្ត​​ឡើង​​នៅ​​ក្នុង​​១​​ព្រៃ​​មួយ​កន្លែង​​ស្ថិត​​ក្នុង​ភូមិ​​ត្រពាំង​​ទន្ទឹម ឃុំ​​រមទម​​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ កាល​ពី​​ថ្ងៃ​​ទី​​៥ ខែ​កញ្ញា​ឆ្នាំ​២០១៧ កន្លង​​ទៅ​​នេះ​​ដោយ​​ប្រើ​​ដំបង​​ឈើ​​ចាក់​ភ្នែក និង​​វាយ​​ទៅ​​លើ​​រាង​​កាយ​​ជន​​រង​​គ្រោះ​រហូត​​ដល់​​ស្លាប់​​រហូត​​មក​​ដល់​​ថ្ងៃ​​ទី​​៧ ខែ​កញ្ញា ទើប​​រក​​ឃើញ​​សាក​សព ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ ២០​១៧ មាន​ករណី​ឃាត​កម្ម​រំលោភ សម្លាប់​ដ៏​សាហាវ​ឃោ​ឃៅ​មួយ​បាន​កើត​ឡើង ចំពោះ​ក្មេង​ស្រី​ម្នាក់​អាយុ​១៩​ឆ្នាំ ឈ្មោះ រីម តាវី ទើប​តែ​ប្រលង​ចប់​ថ្នាក់​ទី​១២ នឹង​ត្រៀម​ចូល​ធ្វើ​ការ ពីរ​ថ្ងៃ​ទៀត តែ​អកុសល មិន​ទាន់​បាន​ចូល​ធ្វើ​ការ នឹង​ទទួល​លទ្ធ​ផល​ប្រលង​ផង បែរ​ជា​ស្លាប់​យ៉ាង​អាណោច​អាធម៌​បែប​នេះ ។

យោង​តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​ត្រូវ​ជា​ពូ​របស់​ប្អូន​បាន​ឲ្យ​ដឹង​ថា ប្អូន​ស្រី នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ ត្រូវ​គេ​រំលោភ​សម្លាប់ ហើយ​ថែម​ទាំង​វាយ​កម្ទេច​មុខ​ស្លាប់​យ៉ាង​អាណោច​អាធម៌ ។ ឃាត​ករ ដែល​សម្លាប់​ក្មេង​ស្រី​នេះ នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​ទេ សូម​បង​ប្អូន​ជួយ​ចែក​រំលែក ដើម្បី​ចាប់​ឃាតករ​នេះ​មក​​ផ្តន្ទាទោស​តាម​ច្បាស់​ឲ្យ​បាន។ បុរស​ជា​ពូ​បាន​បង្ហោះ​សារ​យ៉ាង​ក្រៀម​ក្រំ​នៅ​ក្នុង​ហ្វេស​ប៊ុក​ថា៖
ខ្លោច​ចិត្ត​ណាស់ ក្មួយ​ស្រី​ជិត​បាន​ទទួល​ដំណឹង​ល្អ​ហើយ តូ្រវ​គេរំលោភ​វាយ​កម្ទេច​មុខ​ស្លាប់​យ៉ាង​អាណោ​ច​អាធម៌​បំផុត ៕