ចាប់​ខ្លួន​ជន​សង្ស័យ យក​អម្បែង​​ដប​ចាក់​សម្លា​ប់​បុរស​ម្នាក់​បាន​ហើយ

ខេត្ដ​កោះ​កុង៖ ករណី​ឃាត​កម្ម​ដែល​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ​នៅ​វេលា​ម៉ោង១៦និង​០០នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ចាំយាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា បច្ចុប្បន្ន កម្លាំង​សមត្ថ​កិច្ច​យើង បាន​​សហការ​ជា​មួយ​ប្រជា​ពល​រដ្ឋ និង​លោក​មេ​ភូមិ ធ្វើ​ការ​ឃាត់​ខ្លួន​មុខ​សញ្ញា​សង្ស័យ​បាន​ហើយ ។

ជន​រង​គ្រោះ​មាន​ឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ បាន​ស្លាប់​ពេល​បញ្ជូន​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត .ចំណែកជន​សង្ស័យ​ឈ្មោះ នួន សុធា ហៅ តឿ ភេទ​ប្រុស អាយុ ១៥ឆ្នាំ មុរបរ កម្មករ ត្រូវ​បាន​កម្លាំង​យើង​ឃាត់​ខ្លួន នៅ​វេលា​ម៉ោង ១១:៣០ នាទី​ព្រឹក នៅ​ចំណុច​ក្នុង​ព្រៃ ស្ថិត​ក្នុង​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរ​ភូមិន្ទ ដោយ​ជន​រូប​នេះ បង្ក​បទ​ល្មើស​ហើយ លួច​រត់​មក​ពួននៅ​ក្នុង​ព្រៃ ។

គួរបញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ឆ្នាំ ២០​១៧ នៅ​វេលា​ម៉ោង ៤និង​០០ នាទីល្ងាច យុវ​ជន​​ម្នាក់​​ត្រូវ​បាន​​ឃាតករ​​មិន​​ស្គាល់​អត្ត​សញ្ញាណ​​ធ្វើ​​សកម្មភាព​​ស្ទាក់​​វាយ​​នឹង​​ចាក់​សម្លាប់​​យ៉ាង​​សាហាវ​​បំផុត ដោយ​​ប្រើ​​អម្បែង​ដប នៅ​ចំណុច​ឃ្លាំង​ខាង​ក្រោយ​ផ្សារ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា មាន​ករណី​ឃាត​កម្ម (យក​ដប​វាយ​អោយ​បែក រួច​យក​ទៅ​ចាក់​លើ​ជន​រង​គ្រោះ) ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ខេត្ដ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕