ស្រះ​ទឹក​ជម្រៅ​៥​ម៉ែត្រ ឆក់​យក​ជីវិត​ក្មេងស្រី​២​នាក់ សាច់ញាតិ​បាន​ត្រឹម​យំ​សោក​អោប​សព​កូន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​វ័យប្រមាណ​​៩​ឆ្នាំ​២​នាក់ បាន​លង់​ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹកមួយ​កន្លែង​ដែល​មាន​ជម្រៅប្រមាណ​៥​ម៉ែត្រ បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ១២ និង ០០​នាទី ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​ទួល​សំបួរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។

ក្មេង​ស្រី​រងគ្រោះ​ទាំង​២​នាក់ ទី១​ឈ្មោះ សម ស៊ីស្រីណា អាយុ ៧​ឆ្នាំ ជា​សិស្ស និងម្នាក់ទៀតឈ្មោះ ជឹម ស្រីណូ អាយុ​៩ឆ្នាំ ជា​សិស្ស និង​ស្នាក់​នៅ​ភូមិ​សង្កាត់កើតហេតុ​ខាងលើ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ក្មេង​ស្រី​ទាំង​២​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ស្រះ​ទឹក​ខាង​លើ​តាំង​ពី​ម៉ោង​១០​មក​ម្លេះ។ ប្រភព​បន្ត​ថា ដំបូង​ឡើយ​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី រង​គ្រោះ​ទាំង​២ បាន​ចុះ​ទៅ​លេង​នៅ​មាត់​ច្រាំង ហើយ​ក៏​ហែល​ទៅ​កណ្តាល​ស្រះ បណ្តាល​ឲ្យ​លង់​លឹប​បាត់​ខ្លួន​តែ​ម្តង។ ភ្លាមៗ​នោះ ក្មេង​ស្រី​ម្នាក់​ទៀត​ឃើញ​ដូចនោះ ក៏​លោត​ស្ទុះ​ទៅ​ជួយ បណ្តាលឲ្យ លង់​ស្លាប់​ទាំង​២​នាក់​តែម្តង។

ស្រប​ពេល​ក្មេង​ស្រី​ទាំង​២​នាក់​នោះ​ត្រូវ​លង់​ទឹក មាន​ក្មេង​ប្រុស​តូចម្នាក់​វ័យ​៦​ឆ្នាំ​ជា​អ្នក​ឃើញ​ហេតុការណ៍ បាន​រត់​មក​ប្រាប់​អ្នក​ភូមិ​បង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សាច់​ញាតិ នាំគ្នា​មក​មុជទឹក​រាវ​រក និង​ស្រង់​ក្មេង​ស្រី​ទាំង​២​នាក់​ឡើង​គោក​វិញ​តែម្តង ហើយ​នាំ​គ្នាំ​ជួយ​សង្គ្រោះ​បឋម តែ​មិន​អាច​ជួយ​ស្រោចស្រង់​អាយុ​ជីវិត​ក្មេងស្រី​ទាំង​ពីរ​នាក់​បាន។​ ចុង​ក្រោយ​សាច់ញាតិ​បាន​ត្រឹម​យំ​អោប​សព​ក្មេង​ស្រី​ទាំង​២ ប៉ុណ្ណោះ ព្រោះ​ពួក​គេ​បាន​ស្លាប់​ជាង​បាត់​បង់​ជីវិត​ទៅ​ហើយ។

ក្រោយ​កើត​ហេតុ ប្រជា​ពល​រដ្ឋនៅ​កន្លែង​កើតហេតុ​​បាន​សំណូមពរ​ឲ្យ​សមត្ថិច្ច​មេត្តា​មាន​វិធានការ​លុប​ស្រះ​ទឹក​នោះ​ចោល​ទៅ ព្រោះ​ស្រះ​នោះបាន​ឆក់​យក​ជីវិត​ក្មេង​ស្រី​អស់​បី​នាក់​ទាំង​លើក​នេះ​ហើយ។ អ៊ំ​ស្រី​ម្នាក់ (រូប​លើ​ដៃ​សំពះ​ខាង​ក្រោម) ​ដែល​ជា​អ្នក​ភូមិ​នៅ​ភូមិ​កើតហេតុ​ខាង​លើ​បាន​មាន​ប្រសាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចាស់​ៗ​ក្នុង​ភូមិ​ខ្លះ​មាន​ចៅ​ដល់​ទី​ពី​រ​បី​នាក់​ត្រូវ​ជួយ​មើល ព្រោះ​ឪពុក​ម្ដាយ​ក្មេង​ៗ​រវល់​ទៅ​ធ្វើការ​រោង​ចក្រ​អស់ ដូច្នេះ​ពួក​គាត់​មិន​អាច​មើល​ឈ្នះ​ទេ។ អ៊ំ​ស្រី​ក៏​បាន​សំណូម​ពរ​សុំ​ឲ្យ​លុប​ស្រះ​ទឹក​នោះ​ចោល​ទៅ ដើម្បី​កុំ​ឲ្យ​មាន​កុមារ​រងគ្រោះ​តទៅទៀត។​

ក្រោយ​កោសល្យវិច័យ សមត្ថកិច្ច​បញ្ជាក់​ថា ក្មេងស្រី​ទាំងពីរ​ពិត​ជា​ស្លាប់​ដោយសារ​លង់ទឹក​មែន ហើយ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕