កម្មករ​រោង​ចក្រ ឌីសាន ហ័រវ៉ៃ សួន​កា​ណា​ឌី​យ៉ា ដួល​សន្លប់​ជាង​១០០​នាក់

ភ្នំពេញ៖ កម្មករ​រោង​ចក្រ​ជាង​១០០​នាក់​ដួល​សន្លប់​ក្នុង​រោង​ចក្រ ឌីសាន អាគារ​១០-១១ ក្នុង​សួន​កា​ណា​ឌី​យ៉ា ផ្លូវ​វេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ ។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៅ​ឡើយ ស្រាប់​តែ​នៅ​វេលា​ម៉ោង​ខាង​លើ ខណៈ​ដែ​ល​កម្មករ​កំពុង​ធ្វើ​ការ​សុខ​ៗ ស្រាប់​តែ​មាន​កម្ម​ករ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ រហូត​ដល់​ទៅ​ជាង​១០០​នាក់ ត្រូវ​បាន​ខាង ក្រុម​ហ៊ុន​លួច​ដឹក​ចេញ​ស្ងាត់​ៗ ព្យាយាម​លាក់​ពត៌​មាន ។ ហេតុ​ការណ៍​កើត​ឡើង​ភ្លាម​ៗ ត្រូវ​បាន​អាជ្ញា​ធរ សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ទៅ​ដល់​រោង​ចក្រ​កើត​ហេតុ សាក​សួរ​ព័ត៌​មាន ត្រូវ​បាន​សន្តិ​សុខ តាម​ច្រក​ចូល​រោង​ចក្រ ឆ្លើយ​ថា​មិន​ដឹង ឲ្យ​ទៅ​ដើរ​រក​មើល​ខ្លួន​ឯង​ទៅ​វិញ ។

ទោះ​ជា​យ៉ាង​​រថយន្ត​សង្រ្គោះ​របស់​រដ្ឋ​ទាំង​រថយន្ត​គ្លីនិក ចេញ​ទៅ​ជួយ ដឹក​ជន​រង​គ្រោះ ដើម្បី​បញ្ជូន​ទៅ​សង្រ្គោះជា​មុន​សិន ។ ចំពោះ​មូល​ហេតុ​យ៉ាង​ណា​ឲ្យ​ជាក់​លាក់​នោះ មិន​មាន​អ្នក​ណាឬ ស្ថា​ប័ណ្ណ​អះ​អាង​ឡើយ មាន​តែ​រង​ចាំ មន្រ្តី​ជំនាញ​ចុះ​ពិនិត្យ ដើម្បី​រក​មូល​ហេតុ ដោយ​ឡែក ខណៈ​ដែល​មាន​កម្មករ​រោង​ចក្រ​ខាង​លើ​ដួល​សន្លប់ អ្នក​សារ​ព័ត៌មាន ជា​ច្រើន​នាក់​ចុះ​ទៅ ថត​រូប​ភាព ជន​រង​គ្រោះ​នៅ គ្លីនិក សុខ លាភ​មេត្រី ផ្ទះ​លេខ​១៦ ១៧ ផ្លូវ​លេខ​៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ទល់​មុខ​សួន​កាណា​ឌី​យ៉ា តែ​ត្រូវ​បាន ខាង​គ្លីនិក​រា​រាំង មិន​ឲ្យ​ថត​រូប​ភាព មិន​បំ​ភ្លឺ​ឡើយ ដែល​គេ​សង្ស័យ​សម​គំនិត​ជា​មួយ​រោងចក្រ ដើម្បី​លាក់​បាំង​ព័ត៌មាន រឿង​កម្មករ​ដួល​សន្លប់ ៕