បាញ់​ប្រហារ​២​គ្រាប់​លើ មន្ត្រី​នគរបាល​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ សង្ស័យ​រឿង​គំនុំ

រាជធានី​ភ្នំពេញ ៖ ស្នូរ​អាវុធ​ចំនួន​២​គ្រាប់​បាន​បន្លឺ​ឡើង​ទាំង​កណ្តាល​យប់ ក្នុង​ហេតុ​ការណ៍​បាញ់​ប្រហារ​មន្ត្រី​នគរបាល​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ កាល​ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ប្រឆិត​ខាង​ក្រោយ​វិទ្យាល័យ យុគន្ធ័រ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន ។

ជន​រងគ្រោះ​ជា​មន្ត្រី​សមត្ថកិច្ច មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ ហើយ​ក៏​ទាន់​ដឹង​ថា​រូប​គេ​បម្រើ​ការងារ​នៅ​អង្គ​ភាព​ណា​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​ជន​រងគ្រោះ ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​តាម​បណ្តោយ​ផ្លូវ​ព្រះ​​សីហនុ​ខណះ​មក​​ដល់​ចំណុច​ខាង​លើ ស្រាប់​តែ​លិច​មុខ​ជន​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​២​គ្រាប់​ទៅ​លើ​បុរស​ជា​សមត្ថកិច្ច​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ។ ដោយ​ឡែក​ខ្មាន់​កាំ​ភ្លើង​ដៃ​ឆើត​ទាំង​២​នាក់ ក្រោយ​អំពើ​បាញ់​ប្រហារ​រួច​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ គេ​សង្គេត​ឃើញ​មាន​កម្លាំង​នគរបាល​ចំនួន​២​ខណ្ឌ គឺ​ខណ្ឌ​ចំការ​មន និង​ខណ្ឌ​៧​មករា បាន​ចុះ​អន្តរាគមន៍ ប៉ុន្តែ​បាន​ត្រឹម​តែ​រើស​សម្បក​គ្រាប់​កាំ​ទុះ​តែ​ប៉ុណ្ណោះ ។ ជុំ​វិញ​អំពើ​បាញ់​ប្រហារ​នេះ​ដែរ គេ​ពុំ​ទាន់​ដឹង​ថា ជា​ករណី​អ្វី​អោយ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ជា​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ជា​រឿង​គំនុំ ៕