បញ្ជូន​ខ្លួន​បុរស ដែល​សម្លាប់​កូន​ស្រី និង​ឪពុក​ក្មេក ទៅ​តុលា​ការ

ភ្នំពេញ៖ ក្រោយ​ពី​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​បង្ហាញ​មុខ នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នៅ រសៀល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដែល​បាន រឹតក កូន​ស្រី​សម្លាប់ និង​សម្លាប់​ឪពុក​ក្មេក ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ហើយ ។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​ជន​សង្ស័យ​ឈ្មោះអង
សំណាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ ជ​ន​សង្ស័យ​បាន​សម្លាប់​កូន​ស្រី​របស់​ខ្លួនឈ្មោះ ចរិយា អាយុ​៣​ឆ្នាំ ដោយ​រឹត​ក​នឹង​ខ្សែ​ភ្លើង នៅ​​ក្នុង​​ផ្ទះ​​ជួល​​មួយ​​កន្លែង ស្ថិត​ក្នុង​ភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​សម្លាប់​កូន​ស្រី​រួច នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៧ ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ទៅ​ខេត្ត​ស្វាយ​រៀង បន្ដ​សម្លាប់​ឪពុក​ក្មេក​ម្នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ដោយ​ច្របាច់​ក​នៅ​ក្នុង​បន្ទប់​ទឹក ។

ដើម​ចម​នៃ​អំពើ​ឃាតក​ដ៏​សាហាវ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ពី​ដើម​ហេតុ​ថា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧​កន្លង​ទៅ​ជន​សង្ស័យ បាន​ចាប់​រំលោភ​ម្តាយ​ក្មេក និង​ព្យាយាម​ច្របា​ច់​ក​សម្លាប់​​ចោល ប៉ុន្តែ​ជន​រងគ្រោះ​រត់​ឲ្យ​អ្នក​ជិត​ខាង​ជួយ​ទាន់​ពេល ។

ក្រោយ​រំលោភ​ម្តាយ​ក្មេក​រួ​ច ជន​សង្ស័យ បាន​គំរាម​ថា បើ​ហ៊ាន​ប្តឹង​សមត្ថកិច្ច រូបគេ​នឹង​សម្លា​ប់​មួយ​ពូជ​តែ​ម្ដង​នៅ​ខេត្ត​ស្វាយ​រៀង លុះ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ប្រពន្ធ​របស់​ជន​សង្ស័យ បាន​សុំ​លែង​លះ ដោយ​សារ​ដឹង​មូល​ហេតុ​ថា ប្តី​បាន​រំលោភ​ម្តាយ​បង្កើត​របស់​ខ្លួន ទើប​ជន​សង្ស័យ​បាន​យក​កូន​ស្រី​អាយុ​​៣ឆ្នាំ ទៅ​ភ្នំពេញ​ជា​មួយ​ខ្លួន និង​សម្លាប់​ចោល​តែ​ម្តង ។

សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជា​មួយ​នគរបាល​ខេត្ត​កំពង់​ស្ពឺ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា ម្សិល​មិញ នៅ​ស្រុក​​កំណើត​​នៅ​​ភូមិ​ទួល​​អាទិន ឃុំ​​អង្គ​​ពពេល ស្រុក​​គង​​ពិសី ខេត្ត​កំពង់​ស្ពឺ ៕