ខ្លាំង​មែន! ម្ចាស់​ម៉ូតូ​ក្លាហាន ហ៊ាន​លោត​ធាក់ចោរ​មាន​កាំភ្លើង (មាន​វីដេអូ)

រាជធានី​ភ្នំពេញ: ជន​សង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​កាច់​.ក ម៉ូតូ តែ​មិន​បាន​សម្រេច​បាន​ដក​កាំ​ភ្លើង​ភ្ជង់​បំរុង​នឹង​បាញ់​ប្លន់ តែ​សំណាង​ល្អ​មាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ជិះ​រថយន្ត​ឆ្លង​កាត់​បាន​ដក​កាំភ្លើង​ភ្ជង់​បាន​មុន។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ៣​និង​៣០ ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ។

ជន​រងគ្រោះ​មាន​ឈ្មោះ តឹក វណ្ណា អាយុ​២៦​ឆ្នាំ មុខ​របរ បើក​រថយន្ត​ដឹក​ទំនិញ ហើយ​ពេល​ទំនេរ រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។ ដោយ​ឡែក​ជន​សង្ស័យ​មាន​ឈ្មោះ ចាន់ សុខ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​មាន​ឈ្មោះ ចាន់ ថា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រត់​គេច​ខ្លួន​បាត់​ស្រមោល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1 FW-8464 មក​ជួយ​លើក​ឥវ៉ាន់ ឲ្យ​អ្នក​ស្គាល់​នៅ​ផ្ទះ​ស្ថិត​នៅ​ទីតាំង​កើតហេតុ​ខាង​លើ បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ឡើង​ទៅ​លើក​ឥវ៉ាន់ ខណៈ​នោះ ស្រាប់តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​រួច​ធ្វើ​សកម្មភាព​កាច់.ក ម៉ូតូ​បាន​សម្រេច​បំរុង​និង​ជិះ​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ចុះ​មក​ទាន់ បាន​លោត​ធាក់ ហើយ​បាន​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​ពេល​នោះ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បើក​រថយន្ត​ឆ្លងកាត់​ឃើញ ហើយ​ឃើញ​ជន​សង្ស័យ​មាន​កាំភ្លើង​នៅ​ចង្កេះ ក៏​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​ដក​កាំ​ភ្លើង​ភ្ជង់​ទៅ​លើ​ជន​សង្ស័យ​ឲ្យ​ទម្លាក់​កាំភ្លើង​ចុះ ជន​សង្ស័យ​ក៏​បាន​ដក​កាំភ្លើង​របស់​ខ្លួន​បោះ​មក​ក្រោយ រួច​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ ក៏​ត្រូវ​បង​ប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ស្វាគមន៍​យ៉ាង​ចាស់​ដៃ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាក​សួរ​តែម្ដង។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ស​ពួក​ម្នាក់​ទៀត​ជា​បន្ត ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ៖ បញ្ញា​ ដំណឹង​យប់មិញ

សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​ប៉ុស្តិ៍​ននគរបាល​បឹង​ទំពុន