ចាប់​បាន​ហើយ ជន​សង្ស័យ​ដែល​រឹត.ក សម្លាប់​កូន​ខ្លួន ហើយ​ទៅ​សម្លាប់​ឪពុក​ក្មេក​ទៀត

ខេត្ត​កំពង់​ស្ពឺ៖ ជន​សង្ស័យ​ដែល​ជា​ឃាតក​ដ៏​សាហាវ​ហួស​និស្ស័យ​បាន​សម្លាប់​កូន​ខ្លួន​ឯង​ដោយ​យក​ខ្សែភ្លើង​រឹត.ក ហើយ​បាន​បន្ត​ទៅ​សម្លាប់​ឪពុក​ក្មេក​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ម្សិលមិញ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះស្រុក​គង​ពិសី ​ខេត្ត​កំពង់​ស្ពឺ នឹង​ត្រូវ​បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​រាជ​ធានី។​

គួរ​រំលឹក​ជុំវិញ​រឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែសីហា ជន​សង្ស័យ​បាន​ចាប់​រំលោភ​ម្ដាយ​ក្មេក​ខ្លួន ហើយ​ប៉ុនប៉ង​សម្លាប់​បំបិទ​មាត់ តែ​មិន​បាន​សម្រេច ព្រោះ​បាន​រើ​បំរះ​រួច ហើយ​រត់​រក​អ្នក​ជិត​ខាង​ជួយ​ទាន់។ តែ​ជន​សង្ស័យ​បាន​គំរាម​ថា បើ​ហ៊ាន​ប្ដឹង​សមត្ថកិច្ច​គេ​នឹង​សម្លាប់​ចោល​មួយ​ពូជ។

លុះ​ដល់​ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល​ប្រពន្ធ​ជន​សង្ស័យ​បាន​សុំ​លែង​លះ ព្រោះ​ដឹង​រឿង​ដែល​ជន​សង្ស័យបាន​ធ្វើ​អំពើ​ថោក​ទាប​រំលោភ​ម្ដាយ​បង្កើត​នាង។ ជន​សង្ស័យ​ខឹង​ក៏​បាន​នាំ​កូន​មក​ភ្នំពេញ​ស្នាក់​នៅ​ជាមួយ​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន​នៅ​ចំណុច​កើត​ហេតុ​ខាងលើ។​

លុះ​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ជន​សង្ស័យ​ក៏​បាន​សម្លាប់​កូន​ខ្លួន​ឈ្មោះ សំណាង ចរិយា អាយុ​៣​ឆ្នាំ ដោយ​យក​ខ្សែ​ភ្លើង​រឹតករ​ស្លាប់​នៅ​នឹង​កន្លែង រួច​បន្សល់​ទុក​បណ្ដាំ​មួយ​សន្លឹក​ដែល​សរសេរ​យ៉ាង​ដូច្នេះ​ថា «សូម​ម៉ែ​យក​ក្រដាស​នេះ​ទៅ​ឲ្យ​អូនសា​ខុន បង​លា​ហើយ បង​បាន​ចង​. ក សម្លាប់​ខ្លួន​ពីរ​នាក់​ឪ​កូន ដោយសារ​អូន​ស្អប់​បង បង​សុំ​លា​ទាំង​អាល័យ តែ​បង​សុំ​ប្រាប់​ថា​ទោះ​បីជា​​បង​ស្លាប់​ក៏​បង​នៅ​តែ​ស្រឡាញ់​អូន»។ បន្ទាប់​ពី​សម្លាប់​កូន​រួចហើយ​ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្វាយរៀង ហើយ​សម្លាប់​ឪពុក​ក្មេក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដែល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​គ្មាន​អ្នក​ជំងឺ និង​ម្ដាយ​ក្មេក​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច ចំណែក​កូន​ស្រី​ដែល​ត្រូវ​ជា​ប្រពន្ធ​សង្ស័យ​បាន​ទៅ​ធ្វើការនៅ​រោងចក្រ។​

សូម​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ អង សំណាង អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទួល​អាទិន ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ចំណែក​ប្រពន្ធ​ឈ្មោះ ពេជ្រ សាខុន អាយុ​២២​ឆ្នាំ ជា​កម្មករ​រោង​ចក្រ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង៕​