ព្រះ​ចៅ​អធិការ​វត្ត ឥន្ទ្រី​សំវរៈ បំភ្លឺ​រឿង​វាយ​ព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ជាតិ

ខេត្ត​កំពង់ធំ៖ ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ហើយ​ត្រូវ​បាន​ដាក់​ជា​បេតិកភណ្ឌជាតិ​នៅ​ឆ្នាំ ២០០៧ ត្រូវ​បាន​ព្រះ​មេគណ និង​ជា​ព្រះ​ចៅអធិការ​វត្ត ព្រមទាំង​គណៈកម្មការ​វត្ត​ទាំងអស់​សម្រេច​ជា​ឯក​ច្ឆ័​ន​វាយ​កម្ទេច​ចោល​តាំងពី​ថ្ងៃ​ទី​២៨ សីហា ២០១៧ ក្រោម​ហេតុផល​ថា ព្រះ​វិហារ​មួយ​នេះ មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ជា​ពិសេស​ដំបូល​ព្រះ​វិហារ​តែ​ម្ដង ដែល​អាច​ដាក់​រលំ​បង្ក​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ​ជាយថាហេតុ នៅ​ពេល​ណាមួយ។

ព្រះ​វិហារ​នៅ​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ធំ ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៤៨ ពោល​មាន​រយៈពេល​៦៩​ឆ្នាំ​មក​ហើយ។

ការ​វាយ​កម្ទេច​ចោល​ព្រះ​វិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​ទទួល​ការ​រិះគន់​ជា​បន្ដបន្ទាប់ ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ដល់​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធ និង រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ ថែម​ទៀត​ផង ហើយ​អ្នក​រិះគន់​ខ្លះ​ទៀត បាន​ប្រើ​ពាក្យអសុរោះ ទៅ​លើ​ព្រះ​មេគុណ ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​នេះ។

លោក ខៀវ កា​ញា​រឹទ្ធ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​អោយ​ដឹង​យ៉ាង​ដូច្នេះ​ថា «​វត្ត​ឥន្ទ្រី​សំ​វរៈ ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​១៦៣៣ ឯ​ព្រះ​វិហារ​សាងសង់​ឆ្នាំ​១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ​២០០៧។ វិហារ​នេះ​មាន​រូបគំនូរ​បុរាណ​ជា​ច្រើន។ តែ​ពេល​នេះ​ព្រះ​សង្ឃរាជ​វត្ត បាន​សម្រេច​ឲ្យ​វាយ​ចោល​ឥត​ស្តាយស្រណោះ​»

ចំណែកឯលោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ បាន​សរសេរ​តាម​រយៈ​ខំមិន អោយ​ដឹង​យ៉ាង​ដូច្នេះ​ថា «​មន្ត្រី​ជំនាញ​ទៅ​ហាមឃាត់​ពេល​ល្ងាច លោក​ថា​អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយ​ចោល​ទាំង​យប់។ មិន​យល់ ត្រង់​ថា អ្នក​ដែល​គួរ​ជា​អ្នក​ថែរក្សា បែរ​ទៅ​ជា​ប្រឹង​បំផ្លាញ​ទៅ​វិញ។ តើ​បាន​ចំណេញ​អ្វី ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅពី​ការ​ឈឺចាប់​សម្រាប់​វប្បធម៌​ខ្លួន?»

ឆ្លើយ​តប​នៅ​ការ​រិះគន់​ខ្លាំង​ៗ​ជា​បន្ដបន្ទាប់ និង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នោះ ព្រះ​តេជគុណ សៀង សុខ ជា​ព្រះ​មេគុណ​ខេត្ត និង​ជា​ព្រះ​ចៅអធិការ​វត្ត​មើល​ការ​ខុស​ត្រូវ និង​គ្រប់​គ្រង​វត្ត​មួយ​នេះ បាន​ចេញ​មក​បកស្រាយ​ពី​ការ​ពិត និង​លើក​ហេតុផល​មួយ​ចំនួន ដែល​នាំ​ឲ្យ​មានការ​វាយ​ចោល ហើយ​ធ្វើការ​កសាង​ព្រះ​វិហារ​ឡើង​វិញ តាម​រយៈ​ការ​ចូល​បច្ច័យ​ពី​ពុទ្ធបរិស័ទ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ នេះ ព្រះ​តេជគុណ សៀង សុខ បាន​មាន​សង្ឃដីកា បំភ្លឺ​តាម​រយៈ​អង្គភាព​ព័ត៌មាន​ក្នុងស្រុក​មួយ ​ថា តាម​ពិត​ទៅ​គម្រោង​ជួសជុល​ព្រះ​វិហារ​ឡើង​វិញ រួម​ទាំង​ដំបូល​ផង​នោះ គឺ​ព្រះ​អង្គ រួម​ទាំង​គណៈកម្មការ​វត្ត បាន​ពិភាក្សា និង​សម្រេច​ឲ្យ​មានការ​ជួល​ជុល​ច្រើន​ដង ប៉ុន្ដែ​ធ្វើ​ទៅ​មិន​រួច​ដោយសារ​តែ​ដំបូល ពុក​ផុយ​យ៉ាង​ខ្លាំង ហើយ​ជញ្ជាំង​អត់​មាន​សរសរ​គ្រឹះ​ទៀត​ផង។

ចំពោះ​រូបគំនូរ​នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ ត្រូវ​បាន​ព្រះ​តេជគុណ​លើក​ឡើង​ថា មាន​លក្ខណៈ​ពិសេស ប៉ុន្ដែ​រូបគំនូរ​ទាំងនេះ ត្រូវ​បាន​បាត់​បន្ដិច​ម្ដង​ៗ ជា​ពិសេស​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត មានការ​លាប​ម្ស៉ៅ​មី​ធ្វើ​ឲ្យ​លុប​បំបាត់ ហើយ​មក​ដល់​ពេល​នេះ​ក៏​រង​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ។

ព្រះ​គុណ​ម្ចាស់​បាន​មាន​សង្ឃដីកា​ទៀត​ថា ព្រះ​វិហារ​នេះ ក៏​ត្រូវ​បាន​ក្រុម​វិស្វករ​យល់​ឃើញ​ថា ព្រះ​វិហារ​នេះ​មិន​អាច​ជួសជុល​ឡើង​វិញ​បាន​នោះ​ឡើយ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ទៀត​ផង។

សម្រាប់​មជ្ឈដ្ឋាន​ជា​ច្រើន បាន​រិះគន់​ដោយ​ម្នាក់​ៗ សោកស្ដាយ​ការ​វាយ​សំណង់​ពី​បុរាណ​ជា​ពិសេស គឺ​រូបគំនូរ នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ ដោយ​ម្នាក់​ៗ ចោទ​ជា​សំណួរថា ហេតុ​អ្វី​ទៅ​ចាំ​​វាយ​កម្ទេច​ចោល មិន​ទុក​នៅ​ដដែល ហើយ​សាងសង់​ព្រះ​វិហារ​ថ្មី។ ត្រង់​ចំណុច​នេះ ព្រះ​គុណ​ម្ចាស់ សៀង សុខ បាន​មាន​សង្ឃដីកា​ថា នៅ​ក្នុង​វត្ត​កំពង់ធំ មាន​បរិវេណ​តូច​ចង្អៀត​គ្មាន​កន្លែង​ណា ដែល​អាច​សាងសង់​ព្រះ​វិហារ​ថ្មី​បាន​នោះ​ឡើយ។

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​វាយ​ព្រះ​វិហារ​ខាងលើ​នេះ​ដែរ អភិបាលខេត្ត​កំពង់ធំ​លោក សុខ លូ ក៏​បានឲ្យ​​ដឹង​ដែរ​ថា «​រឿង​ព្រះ​អង្គ ព្រះ​មេគណ​ខេត្ត វាយ​អគារ​ចាស់​ទ្រុឌទ្រោម​នេះ ខ្ញុំ​នឹង​ឲ្យ​អភិបាលក្រុង​លោក ម៉ាក់ ប៊ុ​ន​ហុង ចាត់ការ​ធ្វើ​សន្និសីទកាសែត​បំភ្លឺ​ឆាប់​ៗ ជូន​សាធារណជន គឺ​បញ្ហា​នេះ ព្រះ​មេគណ បាន​ដឹកនាំ​ប្រជុំ​ក្នុង​គណៈកម្មការ​ឯកភាព​វាយ​ចោល ហើយ​ពុទ្ធបរិស័ទ​បាន​គាំទ្រ​ចូល​បច្ច័យ​កសាង​ថ្មី​ផង​ដែរ​»​។

លោក សុខ លូ បាន​បញ្ជាក់​ថា អគារ​ព្រះ​វិហារ​នេះ ពិតជា​ចាស់​ទ្រុឌទ្រោម យូរ​ឆ្នាំ​ហើយ​អាច​មាន​ហានិភ័យ​គ្រប់ពេលវេលា។ យើង​មិន​អាច​គិត​ពី​អភិរក្ស​រូបគំនូរ​ចាស់​លើ​ជញ្ជាំង​នោះ មិន​គិត​ពី​គ្រោះថ្នាក់ និង​កសាង​ថ្មី​បាន​ទេ៕