រថយន្ដ​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​រង​របួស​ស្រាល​ធ្ងន់​២​នាក់

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១​ខែ​កញ្ញា ឆ្នាំ​២០១៧ មានរថយន្ត​​២​គ្រឿង​​បាន​បើក​បុក​គ្នា​ពេញ​ទំហឹង កៀប​ព្រូ​នៅ​ក្នុង​កាប៊ីន បណ្ដាល​ឲ្យ​ស្លាប់ យ៉ាង​អាណោច​អាធម៌ និង​អ្នក​បើក​បរ រង​របួស​ធ្ងន់ បង្ក​ឲ្យ​ភ្ញាក់​ផ្អើល​ឡើង​នៅ​លើ​​ដង​ផ្លូវ​​លេខ​​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សីកែវ ។

យោង​តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​មាន គេ​ឃើញ​រថយន្ត​ដឹក​មាន់​មួយ​គ្រឿង បើក​​បរ​​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ បញ្ច្រាស​ទិស​គ្នា​ជា​មួយ នឹង​រថយន្ត​ក្រឡុក​ស៊ី​ម៉ងត៍​មួយ​គ្រឿង មិន​ចាំ​ម៉ាក និង​ស្លាក​លេខ។ លុះ​ពេល​​រថយន្ត​រង​គ្រោះ បើក​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​រថយន្ត​ដឹក​ស៊ី​ម៉ងត៍​នោះ​ បាន​រេ​ចង្កូត​មក​បុក​រថយន្ត ដឹក​មាន់​ពេញ​ទំហឹង កៀប​ជាប់​ព្រូ​រថយន្ត នៅ​ក្នុង​កាប៊ីន បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធម៌​មួយ​រំពេច និង​អ្នក​បើក​បរ​រង​​របួស​​ធ្ងន់។ ឃើញ​ហេតុ​ការណ៍​បែប​នេះ អ្នក​បើក​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន បើក​គេច​ខ្លួន​បាត់​ស្រមោល ។

រថយន្ត​​រង​​គ្រោះ​​ពាក់​ស្លាក​លេខ ភ្នំពេញ 2T-​7752 មិន​ស្គាល់​ឈ្មោះ​អ្នក​បើក​បរ គ្រាន់​​តែ​ដឹង​ថា គេ​រង​របួស​ធ្ងន់់​និង​អ្នក​រួម​ដំណើរ​ជា​មួយ ឈ្មោះ ទៀប នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ​របរ​ជា​ព្រូ​រថយន្ត​​ស្លាប់​​ដែល ស្នាក់ នៅភូមិ សំរោងតូច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែក​រថយន្ត​បង្ក មិន​មាន​អ្នក​ស្គាល់​ម៉ាក និង​ស្លាក​លេខ ពី​ព្រោះ​គេ​បើក​គេច​ខ្លួន​បាត់​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​និង​ទាក់​ទង​រថយន្ដ​សង្គ្រោះ​ទៅ​មន្ទីរ​ពេទ្យ ដោយ​ឡែក​រថយន្ដ​ត្រូវ​សមត្ថ​កិច្ច​ធ្វើ ការ​វាស់​វែង​និង​អូស​រថយន្ដ​ទៅ​ការិយាល័យ​ចរចរណ៍​ផ្លូវ​គោក​ដើម្បី​ដោះ​ស្រាយ​ពេល​ក្រោយ ចំណែក​សាក​សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕