បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដែល​អា​ករ​សម្លាប់​ជន​រង​គ្រោះ​នៅ​ច្បារ​អំពៅ ទៅ​តុលា​ការ

ភ្នំពេញ៖ នៅរសៀលថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០​១៧​នេះ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេ​ញ​បាន​​បញ្ជូន​​ខ្លួន​​ជន​​សង្ស័យ ដែល​​បាន​អាករ កាត់​លឹង្គ និង​ខ្វេះ​ភ្លែក សម្លាប់​ជន​រង​គ្រោះ នៅ​ខណ្ឌ​ច្បារ​អំពៅ ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ សំ សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និង​ទើប​តែ​ចេញ​ពី​ពន្ធ​នាគារ​កាល​ពី​ពេល​ថ្មី​ៗ ហើយ​ក៏ជា​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផង​ដែរ។

ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ ៣៤ឆ្នាំ មុខ​របរ​សុំ​ទាន ត្រូវ​ជា​សាច់​ថ្លៃ​ជន​សង្ស័យ និង​ស្នាក់​នៅ​ជា​មួយ​គ្នា ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​រសៀល​នេះ នៅ​មិន​ទាន់​មាន​ព្រះ​រាជ​អាជ្ញា​រង​រូប​ណា​ទទួល​ចាត់​ការ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ ដោយ​រង​ចាំ​នៅ​ព្រឹក​ស្អែក ។

គួរ​រំលឹក​ថា ករណី​ឃាត​កម្ម​ដ៏​គួរ​ឱ្យ​រន្ធត់​ខាង​លើ​បាន​កើត​ឡើង​កាល​ពី​ម៉ោង​១១​ព្រឹក​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំ​ពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

អំពើ​ឃាត​កម្ម​ខាង​លើ​នេះ គឺ​ផ្តើម​ចេញ​ពី​ការ​ផឹក​ស៊ី​ជា​មួយ​គ្នា​របស់​ជន​សង្ស័យ និង​ជន​រង​គ្រោះ។ ក្រោយ​ពេល​ផឹក​ស៊ី​រួច​ជន​រង​គ្រោះ បាន​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធ ប៉ុន្តែ​ជន​សង្ស័យ​បាន​ទៅ​ឃាត់ កុំ​ឱ្យ​ឈ្លោះ​គ្នា ក៏​ក្លាយ​ជា​ទំនាស់ រវាង​ជន​សង្ស័យ និង​ជន​រង​គ្រោះ​វិញ រហូតឈានដល់ជនសង្ស័យ ទាញ​កាំបិត​ឆ្នៃ ទៅ​អាករ​សម្លាប់​ជន​រង​គ្រោះ រួច​បាន​កាត់​លឹង្គ និង​ខ្វេះ​គ្រាប់​ភ្នែក​ជន​រងគ្រោះ​ម្ខាង​បោះ​ចោល​ក្រោម​ផ្ទះ​ថែម​ទៀត​ផង ៕