ក្មេង​ទំនើង ៦​នាក់​ត្រូវ​ឃាត់​ខ្លួន អប់រំ ធ្វើ​កិច្ចសន្យា​រឿង​ស៊ីម៉ាំង​កែច្នៃ (មាន​វីដេអូ)

រាជធានី​ភ្នំពេញ៖ កាល​ពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹកមិញ គឺ​​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧ កម្លាំង​អធិការនគរបាល​ខណ្ឌ​ចំការ​មន​បាន​ឃាត់​ខ្លួន​ក្មេង​ទំនើង​៦​នាក់​យក​មក​អប់​រំ និង​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រើ​ស៊ីម៉ាំង​កែ​ច្នៃ ដើម្បី​បំពង​សំឡេង​នាំ​ឲ្យ​រំខាន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ ជា​ពិសេស​មន្ទីរពេទ្យ និង​សាលា​រៀន។​​

ក្នុង​ចំណោម​ពួក​គេ​ទាំង​៦​នាក់ អ្នក​ខ្លះ​ទិញ​ស៊ីម៉ាំង​ម៉ូតូ​កែច្នៃ​ក្នុង​តម្លៃ ៣៥​ដុល្លារ អ្នក​ខ្លះ​កែ​ច្នៃ​ដោយ​ខ្លួនឯង។ ពួក​គេ​បាន​សន្យា​ថា ឈប់​ប្រើប្រាស់​ស៊ីម៉ាំង​ប្រភេទ​កែច្នៃ​នេះ​ទៀត​ហើយ។ ក្រោយ​ពី​ដោះដូរ​ដាក់​ស៊ីម៉ាំង​ធម្មតា​វិញ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​​

មហា​ជន​បាន​អបអរ​សាទរ​នឹង​សមត្ថកិច្ច​ចំពោះ​ចំណាត់ការ ឃាត់​ខ្លួន​ក្មេង​ទំនើង​មក​អប់រំ​កែប្រែ​នេះ និង​សំណូម​ពរ​សមត្ថកិច្ច​គ្រប់​ខណ្ឌ​មេត្តា​ជួយ​ចាត់​វិធានការ​លើ​ក្មេង​ទំនើង​បែប​នេះ ជា​ពិសេស​ចាត់​ការ​លើ​អ្នក​កែ​ច្នៃ និង​អ្នក​លក់​តែ​ម្ដង។ យោង​តាម​ប្រភព​មិន​ផ្លូវការ​ពី​ប្រជាពលរដ្ខ​បាន​ឲ្យ​ដឹង​ថា មាន​ការ​ផលិត​កែ​ច្នៃ​ស៊ីម៉ាំង​ប្រភេទ​នេះ ដោយ​ជនជាតិ​វៀតណាម នៅ​ក្រោយ​សាលា ACE ផ្លូវ​សម្ដេច​ប៉ាន និង​កន្លៃង​ដទៃ​ទៀត​ដូច​នៅសង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ និង​នៅ​ផ្សារ​ហេង​លី​ជា​ដើម។​


សូម​ទស្សនា​សេចក្ដី​រាយការ​ណ៍ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​