ប្លន់​បាន​សម្រេច​ទៀត​ហើយ​នៅ​ខណ្ឌ​ទួលគោក​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ

រាជធានី​ភ្នំពេញ៖​ យុវជន​ប្រុស​ស្រី​៣​នាក់​ចេញ​ពី​ញ៉ាំបរបរ នាំគ្នា​ដើរ​មក​ដល់​ក្បែរ​ផ្ទះ ត្រូវ​ជន​សង្ស័យ​​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​កៀរ​ឲ្យ​ឈប់ ​រួច​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ប្លន់​យក​គ្រឿង​អលង្ការ កង​ដៃ​១​ឈុត​និង​ទូរសព្ទ័​ចំនួន​៣​គ្រឿង​ បាន​​សម្រេច​ដោយ​សុវត្ថភាព​​មិន​រំខាន​ដល់​សមត្ថកិច្ច។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ២០១៧ នៅ​តាមបណ្ដោយ​ផ្លូវ​២២៥​កែង​នឹង​ផ្លូវ​១៤៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារដេប៉ូ​២​ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​មាន​ឈ្មោះ​ រស់​ ស្រីមុី​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​។ ចំណែក​២​នាក់​ទៀត​មិន​បាន​ស្គាល់​ឈ្មោះ​ អ្នក​ទាំង​៣​នាក់ ជា​អ្នក​បំរើ​ការងារ​នៅ​ហាង​ (ប៉ាប៉ា​ យ៉ា​)។

បើ​តាម​សម្ដី​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុនពេល​កើត​ហេតុ ពួក​គេ​មាន​គ្នា​ចំនួន​៣​នាក់​ប្រុស​១​​ស្រី​២​នាក់ បានចេញ​ពី​កន្លែង​ធ្វើការ​នៅ​ ហាង​ផឹកសុី​​មួយ​កន្លែង​យីហោ «ប៉ាប៉ា​ យ៉ា»​ ដោយ​នាំគ្នា​ដើរ​ទៅ​ញ៉ាំ​បរបរ​នៅ​ក្បែរ​ផ្លូវ​កម្ពុជា​ក្រោម លុះ​ញ៉ាំ​​រួចហើយ ក៏​បាន​នាំ​គ្នា​ដើរ​ទៅ​​ផ្ទះ ខណៈ​មក​ដល់​ក្បែរ​ផ្ទះ​ទៅ​ហើយស្រាប់តែ​​លេច​មុខ​ជន​សង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​​ម៉ាក​ឌ្រីម​សង់​សេ​១២៥ ១​គ្រឿង​និង​ឃ្លីក​១​គ្រឿង តែ​មិន​ចាំ​ស្លាកលេខ បាន​ជិះ​មក​កៀរ រួច​ឲ្យឈប់​ហើយបាន​ដក​កាំភ្លើង​ភ្ជង់​ឲ្យ​ដោះ​កង​ដៃ​និង​ទូរសព្ទ​អាយហ្វូន​២​គ្រឿង អិន​ចុចពិល​១​គ្រឿង​ រួច​ក៏​បាន​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹមតែ​ចុះ​ទៅនាំ​ជន​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលផ្សារ​ដេប៉ូ​ទី​២ តែ​ប៉ុណ្ណោះ ដើម្បី​កំណត់​​មុខ​សញ្ញា​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕