កាត់​ទោស​បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​រឿង រស់​នៅ​ប្រទេស​កម្ពុជា​ខុស​ច្បាប់ និង​ឆបោក

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១​៧​នេះ លោក ស្វាយ តុញ ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស បុរស​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ពាក់​ព័ន្ធ សំណុំ​រឿង ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ឆបោក ។

លោក ខៀវ ផល្លា ជាតំណាង​អយ្យ​ការ​បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ឈ្មោះ TOBY JAMIE NELHAMS ភេទ​ប្រុស អាយុ ៤៤ឆ្នាំ ជាជនជាតិ អង់គ្លេស ពីបទ៖
១.លួចចូលមកស្នាក់នៅប្រទេសកម្ពុជា និង​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​លិខិត​ឆ្លង​ដែន គ្មាន​សៀវភៅ​ការងារ
២.ប្រើ​ប្រាស់​ឯក​សារ​ដែល​មាន​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​របស់​ខ្លួន
៣.ឆបោក​យោង​តាម​មាត្រា​២៩ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​អន្តោប្រវេសន៍ និង​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

នៅ​ក្នុង​សវនាការ​ជន​ជាប់​ចោទ​បាន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​អះ​អាង​ថា លិខិត​ឆ្លង​ដែន​របស់​គេ​ទើប​តែ​បាត់​នៅ​ក្នុង​ថ្ងៃ​ដែល​នគរបាល​ចាប់​ខ្លួន​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​រឿង​ឃាតកម្ម​នោះ​រូប​គេ​មិន​បាន​ដឹង​ទេ​ព្រោះ​រូប​គេ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។

ជន​ជាប់​ចោទ​និយាយ​ថា អំឡុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រូប​គេ​បាន បើក​គេហ​ទំព័រ លក់​ផលិត​ផល​តាម Online ។

យោង​តាម​អំណាន​ចម្លើយ​របស់​សាក្សី​ឈ្មោះ Graham William Hall បានអះអាងថា ជនជាប់ចោទ និងជនរងគ្រោះឈ្មោះ Tony Kenway ជា​មនុស្ស​ស្គាល់​គ្នា និង​រក​ស៊ី​ជា​មួយ​គ្នា​នៅ​ប្រទេស​ថៃ ។

សាក្សី​ដដែលបន្ដថា ជនជាប់ចោទ និង​ជន​រង​គ្រោះ​បាន​ឈ្លះ​គ្នា​ដោយ​សារ​រឿង​លុយ ៨,៥០​០,​០០០​បាត ទើប​នាំ​ឱ្យ​មាន​រឿង​ឃាត​កម្ម​លើ​ឈ្មោះ Tony កើត​ឡើង ។

គួររំលឹកថា ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ត្រូវបាន​សមត្ថកិច្ច​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភ: ឆ្នាំ​២០១៧​កន្លង​ទៅ ដោយ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​បាញ់​សម្លាប់ ជន​រង​គ្រោះ​ឈ្មោះ Tony Kenway ជាពាណិជ្ជករ ជនជាតិ​អង់​គ្លេស​​នៅ​ខេត្ត Chon Buri កាល​ពី​ពេល​ថ្មី​ៗ​នេះ​ហើយ​បាន​រត់​គេច​ខ្លួន ចូល​ប្រទេស​កម្ពុជា ។

លោក រស់ ពិសិដ្ឋ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឃុំ​ខ្លួន ជន​ជាប់​ចោទ​កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន សម្រេច​ចេញ​ដីកា ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ដាក់​ពន្ធ​នាគារ​ជា​បណ្ដោះ​អាសន្ន ។ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​នេះ ត្រូវ​តុលា​ការ​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៧ខាង​មុខ ៕