ស្ដ្រី​ម្នាក់​ត្រូវ​រថយន្ដ​បុក​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធម៌

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេ​ខ៣ មុខ​អាហារ​ដ្ឋាន​វត្ត​ស្លែង ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ស្ដ្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែងកើត​ហេតុ ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ ត្រូវ​បាន​រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បើក​បុក​ពីក្រោយ ដួលហើយរថយន្តកិនបន្ថែម ស្លាប់យ៉ាងអាណោចអធម៌ ។

ស្រ្តី​រង​គ្រោះ​មាន​ឈ្មោះ ជុំ សាវ៉ុន អាយុ​៤៨​ឆ្នាំ តាម​អត្ត​សញ្ញា​ប័ណ្ណ​ការ​ងារ ជា​មន្រ្តី​យោធា មាន​ទី​លំ​នៅ​ភូមិ​ត្រពាំង​ឈើ​ទា​ល ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុង​ដា សេ​១២៥ សេរី​២០​១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-8541 ។

យោង​តាម​ប្រភព​ពលរដ្ឋ​ឃើញ​ហេតុ​ការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ គេ​ឃើញ​ស្រ្តី​រង​គ្រោះ​ជិះ​ម៉ូតូ ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​រថយន្ត​រថយន្ត​កូរ៉េ មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​គ្រាន់​តែ​ដឹង​ថា ជា​រថយន្ត​ដឹក​ឥដ្ឋ បើក​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា បុក​ម៉ូតូ​ពី​ក្រោយ ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ចូល​រថយន្ត​កិន​ស្លាប់ ​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ហើយ​រថយន្ត​បន្ថែម​ល្បឿន​បើក​រត់​គេច​ទៅ​បាត់​បន្សល់​ទុក​តែ​សាក​សព នៅ​កន្លែង​កើត​ហេតុ ។

ក្រោយ​កើត​ហេតុ​សាក​សព​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ទំនាក់​ទំនង​ជា​មួយ​អង្គ​ភាព កង​ទ័ព​៩១១​ហើយ​រថយន្ត​មណ្ឌល​សុខ​ភាព​ពង​ទឹក​ជួយ​ដឹក​សាក​សព ទៅ​តម្កល់​ទុក​នៅ​អង្គ​ភាព​៩១១​កំបូល ចំណែក​ម៉ូតូ សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក រង​ចាំ​ស្រាវ​ជ្រាវ​បន្ត ៕