ចោរ​​ប្លន់​​១​​ក្រុម​​ប្រដាប់​​ដោយ​​ដាវ​​បាន​​ធ្វើ​​សកម្ម​ភាព​​កាប់​​ប្រហារ​​សម្លាប់​​បុរស​​​​ម្នាក់​​​ប្លន់​​យក​​ម៉ូតូ​១​​គ្រឿង

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​អាកាស​ថ្មើរ​ជើង​ជិត​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ចោរ​ប្លន់​១​​ក្រុម​​ប្រដាប់​​ដោយ​​ដាវ​បាន​​ធ្វើ​​សកម្មភាព​​កាប់​​ប្រហារ​​ទៅ​​លើ​​យុវជន​ម្នាក់​​ប្លន់​​យក​​ម៉ូតូ​១​​គ្រឿង​​បណ្ដាល​​ឲ្យ​​ជន​រង​គ្រោះ​​រង​​របួស​​យ៉ាង​​ធ្ងន់​​ធ្ងរ​​និង​​បាន​​ស្លាប់​​​ពេល​បញ្ជូន​​ទៅ​​សង្គ្រោះ​​បន្ទាន់​​ដល់​​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ​​ហើយ ភ្លាម​ៗ​នោះ​​កម្លាំង​​នគរបាល​ព្រហ្ម​​ទណ្ឌ​​ខណ្ឌ​​ពោធិ៍សែន​ជ័យ សហ​ការណ៍​ជា​​មួយ​​នគរ​បាល​​ប៉ុស្ដិ៍​កាកាប​​និង​​ប៉ុស្ដិ៍​​ចោម​​ចៅ​បាន​​ចុះ​​ទៅ​​អន្តរាគមន៍​​ចាប់​​ខ្លួន​​ចោរ​​ប្លន់​​ខាង​លើ​​បាន​​ចំនួន​​៦​​នាក់​​ជា​​បន្ត​​បន្ទាប់​​និង​​ដក​​ហូត​បាន​​ដាវ​​ផង​​ដែរ ។

ជន​រងគ្រោះ​ស្លាប់​មាន​ឈ្មោះ ហេង ហ៊ត អាយុ​២២​ឆ្នាំ​មុខ​របរ​បុគ្គលិក​ក្រុម​ហ៊ុន​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កំពត​​​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ត្រឡោក​បែក​សង្កាត់​ទឹក​ល្អក់​ ខណ្ឌទួល​គោ​ក ចំណែក​ម្នាក់​ទៀត​ជា​មិត្ត​ភក្ដិ​រង​របួស​យ៉ាងដំ​ណំ ឈ្មោះ​ឆោម វ៉ាន់​ឆៃ អាយុ​២២​ឆ្នាំ​មុខ​របរ​បុគ្គលិក​ក្រុមហ៊ុន ជា​មួយ​គ្នា​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ខ្ជាយ​ខាង​ជលង ឃុំ​ដង​ទង់ ស្រុក​ដង​ទង់ ខេត្ត​កំពត ។

ដោយ​ឡែក​ជន​សង្ស័យ​មាន​គ្នា​ប្រហែល​១០​នាក់​និង​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​បាន​៦​នាក់​ក្នុង​នោះ​មាន
ទី១-ឈ្មោះវេង វាសនា អាយុ​១៨​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ ជួល​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ទី២-ឈ្មោះអុឹម ចាន់រតនៈ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ​ចំការ​ឪឡឹក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ទី៣-ឈ្មោះ​កង ស៊ីធៀន អាយុ​១៨​ឆ្នាំស្នាក់ នៅ​​ក្នុង​ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័។
ទី៤-ឈ្មោះ​ទេព ឈាងហៃ អាយុ​មុខ​របរ​ជាង​សឡុង ស្នាក់​នៅ​ក្នុង​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល។
ទី៥-ឈ្មោះបូ សុខបញ្ញា អាយុ១៧ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៦-ឈ្មោះ​សុខ វ៉ាន់ សុធា​សិទ្ធ អាយុ​២០ ក្នុង​ភូមិ​តាងួន សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ កម្លាំង​​នគរបាល​​ដក​​ហូត​បាន​​ដាវ​​១​​ដើម និង​​ម៉ូតូ​​១​​គ្រឿង​​ម៉ាក​ស៊ុយ​សា​គី​និច​គ្មាន​ស្លាក​លេខ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាង​លើ​ឌុប​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ក្លឹប​កំសាន្ត​យី​ហោ “អាវ៉ាលូន” ដែល មា​ន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ប៉ុន្តែ​មិន​បាន​ដឹង​ថា ពួក​គេ​បម្រុង​ទៅ​ណា​ឡើយ លុះ​ពេល​ចេញ​ផុត​ពី​ក្លឹប​ស្រាប់​តែ​មាន​ជន​សង្ស័យ ប្រហែល​១០​នាក់​ជិះ​ម៉ូតូ​ចំនួន ៥​គ្រឿង​ដេញ​តាម​ពី​ក្រោយ ខណៈ​នោះ​ជន​រងគ្រោះ​បាន​ជិះ​រត់​គេច​ខ្លួន​រហូត​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ពួក​គេ​បាន​កៀរ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​ជន​ដៃ​ដល់​ម្នាក់​ឈ្មោះ សី បាន​ទាញ​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ហើយ យុវ​ជន​ឈ្មោះ ហេង ហ៊ត រង​របួស​ធ្ងន់់​ដេក​ក្នុង​ថ្លុក​ឈាម ចំណែក​ម្នាក់​ទៀត ឈ្មោះឆោម វ៉ាន់ ឆៃ​រង​របួស​ដោយ​ដួល​ម៉ូតូ​និង​បាន​រត់​គេច​ខ្លួន​រួច​ពី​កា​កាប់​សម្លាប់​ បន្ទាប់​មក​ក្រុម​ចោរ​បាន​លើក​យក​ម៉ូតូ​ជន​រងគ្រោះ​ជិះ​គេច​ខ្លួន ចំណែក​ជន​រងគ្រោះ​ដែល​របួស​ធ្ងន់ ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​
កុសុមៈ ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់ហើយ ។

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែន​ជ័យ សហការណ៍​ជា​មួយ​នគរបាល​ប៉ុស្ដិ៍​កាកាប និង​ប៉ុស្ដិ៍​ចោម​ចៅ​បាន​ចុះ​ទៅ អន្តរាគ​​មន៍​​ចាប់ខ្លួនចោរប្លន់ខាងលើបានចំនួន៦នាក់ ជាបន្តបន្ទាប់និងកំពុងបន្តទៅចាប់ខ្លួនបក្សពួកដែលកំពុងរត់គេចខ្លួនជាពិសេសឈ្មោះសីដែលជាជនដៃដល់តែម្ដងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕