ផឹក​ចំ​ស្រា​ខ្លាំង ផឹក​ហើយ​អារ.ក និងចាក់សម្លាប់ពូ​ថ្លៃ ស្លាប់​ក្នុង​ថ្លុក​ឈាម

រាជធានី​ភ្នំពេញ៖ ឃាតកម្ម​ដ៏ឃោរឃៅ​មួយ បុរស​ម្នាក់​ប្រើ​កូន​កាំបិតច្នៃ​យ៉ាងមុតស្រួច អារ.ក និង​ចាក់​សម្លាប់​ពូថ្លៃ ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម បង្ក​ការ​ភ្ញាក់ផ្អើល កាល​ពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​២៨ សីហា ឆ្នាំ​២០១៧ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់១ សង្កាត់ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ។

ជន​សង្ស័យ​មាន​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខ​របរ​កម្មករ​សំណង់​ត្រូវ​ជា​ពូ​ថ្លៃ​របស់​ជន​សង្ស័យ។ ទាំង​២​នាក់​ស្នាក់​នៅ​ផ្ទះ​ជាមួយ​គ្នា​ចំណុច​កើតហេតុ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការចាក់​សម្លាប់ ជន​សង្ស័យ​ជា​ក្មួយ និង​ជន​រងគ្រោះ​ជា​ពូ បានអង្គុយ​ផឹក​ស្រា​ថ្នាំ​ជាមួយ​គ្នា​តាំង​ពី​វេលា​ម៉ោង​១០​ព្រឹក​មក​ម្ល៉េះ លុះដល់​​វេលា​កើតហេតុ បុរស​ជា​ពូ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ជា​ហេតុ​ធ្វើ​ជន​សង្ស័យ​កំពុង​ស្រវឹង ក៏​បាន​ស្រែក​គំហក​ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​បុរស​ជា​ពូ​មិន​ស្តាប់​បែរ​ជា​មក​ដំឡើង​សរសៃ ក ជាមួយ​ជន​សង្ស័យ​ជា​ក្មួយ ក៏​ត្រូវ​ជន​សង្ស័យ​ស្ទុះ​ទៅ​យក​កាំបិត​ចុង​ស្រួច​ច្នៃ​ពី​ដែក​ធម្មតា មក​ធ្វើ​សកម្មភាព​អារ.ក និង​ចាក់​ស្ទើរ​សព្វ​សាច់​លើ​ខ្លួន​ប្រាណ​បុរស​ជា​ពូ ពិសេស​លើ​គ្រាប់​ភ្នែក​ទាំង​គូ បណ្តាល​ឲ្យ​ដេក​ស្លាប់​ក្នុងថ្លុក​ឈាម​តែម្តង។

ភ្លាមៗ​បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន រួម​ទាំង​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ ពិសេស​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​ច្រើន​នាក់​បាន​ចុះ​អន្តរាគមន៍ ដល់​ចំណុច​ខាងលើ។ ក្នុង​នោះ​ដែរ ដោយសារ​ជន​សង្ស័យ​មាន​កាំបិត​ជាប់​នៅ​នឹង​ដៃ ហើយ​មិន​ព្រម​ចុះ​មក​ពី​លើ​ផ្ទះ​ឲ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល ទើប​កម្លាំង​ចម្រុះសម្រេច​ឡោម​ព័ទ្ធ​ផ្ទះ​កើតហេតុ រួច​ដាក់​ជណ្តើរ​ឡើង​ទៅ​ធ្វើ​ការ​ទម្លុះ​ជញ្ជាំងចូល​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​តែម្តង។

ក្រោយ​ការ​ឃាត់ខ្លួន ជន​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ទី​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បីសាក​សួរ​បន្ត​នីតិ​វិធី។

អធិការ​រង​នគរបាល​ខណ្ឌ លោក​វរសេនីយ៍​ទោ ម៉ៅ សឿត បានបញ្ជាក់​ថា ជន​សង្ស័យ​ជា​មនុស្ស​បែកថ្នាំ ពោល​រូប​គេ​ឧស្សាហ៍​ប្រើប្រាស់​ថ្នាំ​ញៀន​ញឹកញ៉ាប់។ រូប​គេ​ក៏​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ថ្មីៗ ផងដែរ។ ចំណែក​សាកសព​ជន​រងគ្រោះ​ត្រូវ​ធ្វើ​កោសល្យ​វិច័យ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ លីហេង