សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ទឹក​ជូន​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ៖ មុន​នេះ​បន្តិច សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សម្ដេច​ថា សម្ដេច​បាន​បញ្ជា​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​រដ្ឋលេខាធិការ ឯកឧត្តម សុន ចាន់ ចុះ​ធ្វើការ​ជាមួយ​រដ្ឋករ​ទឹក​ជូន​ប្រជាពលរដ្ឋ ក្រោយ​ពេល​សម្ដេច​បាន​ដឹង​ថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​បាន​កើន​ឡើង ដែល​អ្នក​ប្រើ​តិច​និង​អ្នក​ប្រើ​ច្រើន បង់​ថ្លៃ​ស្មើ​គ្នា។​

លើ​ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។»

«ខ្ញុំបានបញ្ជាអោយទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី។»

ជា​ចុង​ក្រោយ ម្ដេច​តេជោ បា​នថ្លៃង​អំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ដំណឹង​ដល់​សម្ដេច។ «សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ។​»

សូម​បញ្ជាក់​ថា ចំណាត់​ការ​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អបអរសាទរ និង​ដឹង​គុណ​ចំពោះទឹក​ចិត្ត​អាណិត ស្រឡាញ់ និង​សន្តោស របស់​​សម្ដេច​តេជោ ដែល​ជា​និច្ចកាល​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស៕​