សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ចរាចរលុយដុល្លារក្លែងក្លាយ

កណ្តាលៈ ជនសង្ស័យ២នាក់​ចរាចរ​លុយ​ដុល្លា​រ​ក្លែងក្លាយ ត្រូវសមត្ថ កិច្ចឃាត់ខ្លួនសាកសួរ ហេតការណ៍នេះបានកើតឡើងកាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​មុខ​រោងចក្រ​ញ៉ូ​អាក់​ឃី​ត ស្ថិត​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទី១-ឈ្មោះ ទូច ង៉ែត ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ រស់នៅ​ភូមិ​ក្បាល​រមាស ឃុំ​មហាឫស្សី ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ និង​ទី២-ឈ្មោះ ហង្ស រក្សា ភេទ​ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ហើយ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​លុយ​ដុល្លារ​ក្លែងក្លាយ ក្រដាស២០ដុល្លារ ចំនួន​៨​សន្លឹក ។

នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បន្លំ​យកលុយ​ដុល្លារ​ក្លែងក្លាយ ក្រដាស២០ដុល្លា យកមក​ទិញនុំត្នោតនិងសាច់ជ្រូក​ នៅ​ចំណុច​មុខ​រោងចក្រ​ខាងលើ ។ ពេលនោះគាត់(ជន រងគ្រោះ) គ្មាន​លុយ​អាប់ ក៏​យកលុយ​ទៅ​ប្តូរ ទើប​ដឹងថា​ជា​លុយ​ក្លែងក្លាយ ខណៈនោះ​ជនសង្ស័យ​ឈ្មោះ ហង្ស រក្សា បាន​ដណ្តើម​យកលុយ​ទៅ​ហែក​ចោល ដើម្បី​ចង់​បំបិទ​ភ័ស្តុតាង ក៏​ផ្អើល​ដឹង​ដល់​សមត្ថកិច្ច ទើបត្រូវ​ឃាត់ខ្លួន​តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង២នាក់​ខាងលើ សមត្ថកិច្ច​កំពុង​សួរនាំ និង​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕