ឆក់​មិន​បាន​សម្រេច​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច

ភ្នំពេញ៖ ជន​សង្ស័យ​២​នាក់ ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ក្រោយ​ពេល​ដែល​ពួក​គេ​ធ្វើ​ស​កម្ម​ភាព​ឆក់​កាបូប​ពី​ជន​ជាតិ​បរទេស​តែ​មិន​បាន​សម្រេច ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣១០ កែង​និង​ផ្លូវ​លេខ​57 ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន ។

សមត្ថកិច្ចបានអោយដឹងថា ជន​សង្ស័យ​២​នាក់​ដែល​ឃាត់​ខ្លួន​បាន ទី​១​ឈ្មោះ លឹម សុខ​សាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខ​របរជា​សន្តិ​សុខ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​លំ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ និង​ជា​ម្ចាស់​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ម៉ាក ហុង​ដា​ឌ្រីម ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ1Gl-5602 និង​ទី២ មាន​ឈ្មោះ ពៅ បេនដារ៉ា ភេទប្រុស អាយុ​២២​ឆ្នាំ មុន​របរ​ជាង​ភ្លើង ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​លំ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

សមត្ថកិច្ចបានបន្តអោយដឹងថា មុន​ពេល​កើត​ហេតុ មាន​ប្រជា​ពលរដ្ឋ​បាន​ឃើញ​ជន​សង្ស័យ​២​នាក់​ខាង​លើ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​ឆក់​កាបូប​ជន​ជាតិ​បរទេស ដែល​ជិះ​លើ​រុឺម៉ក់​ម៉ូតូ តែ​មិន​បាន​សម្រេច​និង​បណ្ដាល​ឲ្យ​ដួល ធ្វើ​អោយ​ពួក​គាត់​នៅ​ក្បែរ​នោះ​សហ​ការ​គ្នា​ជួយ​ចាប់​និង​ស្វា​គមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​អោយ​សមត្ថកិច្ច​មូល​ដ្ឋាន​ដាក់​ខ្នោះ​តែ​ម្ដង ។

ក្រោយ​កើត​ហេតុ ជន​រង​គ្រោះ ដែល​ជា​ជន​ជាតិ​បរទេស​បាន​ធ្វើ​ដំណើរ​បន្ត​ទៅបាត់ ដោយ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ឡើយ ។ ចំណែក​ជន​សង្ស័យ​២​នាក់ រួម​ជា​មួយ​និង​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​បឹង​កេង​កង​១ ដើម្បី​សាក​សួរ ហើយ​កសាង​សំណុំ​រឿង​បញ្ចូន​បន្ត​ទៅ​អធិការ​នគរបាល​ខណ្ឌ​ចំការ​មន ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕