រថយន្ត​ទំនើប​ម្ចាស់​ងោគ​មួយ​ភាំង​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​រង​ការ​ខូច​ខាត

ភ្នំពេញ៖ បុរស​ម្នាក់​បើក​រថយន្ត​កាត់​សុី​ សេរី​ទំនើប​ងងុយ​ដេក​មួយ​ភាំង​រេ​ចង្កូត​ជ្រុល​ទៅ​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ ក្រសួង​មហា​ផ្ទៃ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

បើ​តាម​សម្ដី​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​រថយន្ត​តាក់​សុី​ឆយ ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​KIA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB​-3759 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោ​ត្ដម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ រូប​គាត់​បាន​ងោគ​មួយ​ភាំង ហើយ​ក៏​រេ​ចង្កូត​ទៅ​បុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ហើយ​រូប​គាត់​ក៏​បាន​បោក​ក្បាល​និង​កញ្ចក់​រថយន្ត​របួស​បែក​ក្បាល​បន្តិច​បន្ទួច​ផង​ដែរ ដោយ​ឡែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​មិន​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងន​នោះ​ឡើយ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​ទី​តាំង​កើត​ហេតុ​រួច​ធ្វើ​ការ​វាស់​វែង​ស្ទូច​យក រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕