សម្លាប់​ប្រពន្ធ​ហើយ ទៅ​ប្ដឹង​មេឃុំ​ថា ប្រពន្ធ​រត់​តាម​ប្រុស ចុង​ក្រោយ ឈាម​ស្រែក​ស្បែក​ហៅ

ខេត្ត​កំពង់​ឆ្នាំង៖ បុរស​ជា​ប្ដី​ចិត្ត​សាហាវ ដៃ​ឆៅ​ម្នាក់​បាន​សម្លាប់​ប្រពន្ធ​ខ្លួន ហើយ​ច្រាន​ទម្លាក់​អណ្ដូង​កាល​ពី​ជាង​មួយ​ខែ​មុន ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន នា​ថ្ងៃ​ទី ២៣ ខែ​សីហា ឆ្នាំ​២០១៧​ម្សិលមិញ ហើយ​នាំ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ស្ថិត​នៅ​ចំណុច​ក្រោលគោ ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង។

ប្ដី​ចិត្ត​ស្លុយ​ជា​ជន​សង្ស័យ​ឈ្មោះ ជុច អេត អាយុ ៤៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​ស្វាយ ឃុំ​កំពង់​ស្វាយ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ឯល គីមស៊ីម អាយុ ៤៤​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ត្រូវ​ប្ដី​ដៃ​ឆៅ​សម្លាប់​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ​២០១៧។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​នេះ​តែង​មាន​ភាព​រកាំរកូស​នឹង​គ្នា​ជា​យូរ​ហើយ។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​ទៅ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ចំណុច​កើត​ហេតុ​ខាង​លើ ដើម្បី​វាស់​ដី ហើយ​ក៏​ទាស់​សម្ដី ឈ្លោះ​គ្នា បង្ក​ជា​ហិង្សា​ឡើង ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដួល​បោក​ក្បាល​ទៅ​នឹង​ខ្នោះ​អណ្ដូង​ស្លាប់។ រយៈ​ពេល​ជិត​មួយ​ម៉ោង​ក្រោយ​មក ដោយ​ខ្លាច​គេ​ដឹង ជន​សង្ស័យ​ក៏​បាន​ច្រាន​ជន​រងគ្រោះ​ទម្លាក់​អណ្ដូង។ ហើយ​នៅ​វេលា​ម៉ោង ៨​យប់​ក៏​បាន​វាយ​ខ្នោះ​អណ្ដូង​សង្កត់​ពី​លើ​ថែម​ទៀត។

លុះ​ដល់​ថ្ងៃ​ទី ៣​ខែកក្កដា ជន​សង្ស័យ​បាន​មក​ប្ដឹង​មេ​ឃុំ​ថា ប្រពន្ធ​ខ្លួន​រត់​បាត់​ហើយ សង្ស័យ​ថា​រត់​តាម​ប្រុស។ ជន​សង្ស័យ​បាន​ស្រឡាញ់​នារី​ម្នាក់​ទៀត​ដែល​នៅ​ក្នុង​ភូមិ​នោះ តែ​ត្រូវ​នារី​នោះ​បដិសេធ​ថា «មាន​ប្រពន្ធ​ហើយ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ម៉េច?»។ ដើម្បី​លួងលោម​ស្រឡាញ់​នារី​រូប​នោះ ជន​សង្ស័យ​ក៏​បាន​បង្ហើប​ថា ខ្លួន​បាន​សម្លាប់​ប្រពន្ធ​ចោល​ហើយ ទើប​បែកការ​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​មក​សួរ​នាំ រហូត​ជន​សង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​សម្លាប់​ប្រពន្ធ​មែន។

បច្ចុប្បន្ន​ជន​សង្ស័យ​ជា​ប្ដី​ស្ត្រី​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង៕