ម៉ូតូ​២​គ្រឿង​បុក​ពេញ​ទំហឹង​ស្លាប់​ម្នាក់​របួស​ធ្ងន់​និង​ស្រាល​៥​នាក់

ខេត្តកណ្ដាល៖​ ម៉ូតូ​២​គ្រឿង​បើកបរ​ទិស​ដៅ​បញ្ច្រាស​គ្នា​បោះ​ពួយ​លឿន​ដូច​ហោះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គ្នា​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ចំណែក​៥​នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣​ខែ​សី​ហា​ឆ្នាំ​២០​១៧​នៅ​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៦​-២៧​ ឋិត​ក្នុង​ភូមិ​ព្រែក​អង្គុញ​ឃុំ​សៀមរាប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ។​

បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ​ អុល​ អន​ អាយុ៣២​ឆ្នាំ​រស់​នៅ​ភូមិ​សៀម​រាប​ ឃុំ​សៀម​រាប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ (ជា​អ្នក​បើក​ម៉ូតូ​ឌ្រីម​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 1C​L-​48​91)​ ចំណែក​ម៉ូតូ​​១​គ្រឿង​ទៀត​ម៉ាក​​និច​ ពណ៌​ផ្កា​ឈូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1B​M-​89​92 ជិះ៣​នាក់​ដូច​គ្នា​រង​របួស​ធ្ងន់​ទាំង​៣​នាក់​ ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​​បើក​បរ​បញ្ច្រាស​គ្នា​បោះ​ពួយ​លឿន​ដូច​ហោះ​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​មិន​ប្រុង​ប្រយ័ត្ន​ក៏​បាន​រេ​ចង្កូច​ទៅ​បុក​គ្នា​ពេញ​ទំហឹង​សូរ​ដូច​រន្ទះ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធម៌​នៅ​និង​កន្លែង​កើត​​ហេតុ​តែ​ម្ដង ។ ចំណែក​៣នាក់រងបួសធ្ងន់និង២នាក់ទៀតរបួសស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ​ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់កន្លែងហើយបានធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក​នៅអធិការ​ នគរបាលស្រុកកណ្ដាលស្ទឹងរងចាំដោះស្រាយនៅពេលក្រោយ ។​រីឯសពជនរងគ្រោះ​សមត្ថ​កិ​​ច្ច​បានធ្វើកំណត់ហេតុ​ប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាម​ប្រពៃណី​ ៕