សូម​លើក​ទឹកចិត្ត​ប្អូនស្រី​ពិការ​ដៃ​ទាំង​សង​ខាង សរសេរ​នឹង​ជើង ចូល​ប្រឡង​បាក់​ឌុប​ដែរ

ខេត្ត​បាត់​ដំបង៖ មើល​ឃើញ​សមត្ថភាព​ជាជាង​ពិការភាព។ នេះ​ពិត​ជា​ការ​តស៊ូ ប្រឹងប្រែង ខ្លាំង​ណាស់ ទម្រាំ​មក​ដល់​ចំណុច​នេះ។ ប្អូន​ស្រី​ម្នាក់​តស៊ូ​សិក្សា​ពី​បឋមសិក្សា​មក​រហូត​ចប់​ថ្នាក់​ទី ១២ ហើយ​បាន​ចូល​រួម​ប្រឡង​យក​សញ្ញាបត្រ​ទុតិយ​ភូមិ​នឹង​គេ​នេះ ពិត​ជា​កើត​ចេញ​ពី​ការ​ស្រឡាញ់​ចំណេះ​ដឹង​ពិតៗ និង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ពី ក្រុម​គ្រួសារ​មិត្ត​ភក្ដិ​រហូត​មក។ ប្អូន​ស្រី​ជា​ជន​ពិការ​ដៃ​ទាំង​សងខាង ហើយ​សរសេរ​នឹង​ជើង ពិត​ជា​អស្ចារ្យ​ណាស់។ សូម​បងប្អូន​ប្រិយមិត្ត​មេត្តា​ជួយ​លើក​ទឹកចិត្ត​ប្អូន​ស្រី​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្អូន​ប្រឹងប្រែង​ប្រឡង​ជាប់ នឹង​អាល​បន្ត​ទៅ​មហា​វិទ្យាល័យ ដើម្បី​ប្អូន​មាន​អនាគត​ភ្លឺស្វាង​អាច​ជួយ​ខ្លួនឯង​បាន ដូច​អ្នក​ដទៃ​ដែរ​ដែល​មិន​ពិការ​ដែរ។

យោង​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ទី ២១ ខែសីហា​នេះ ក្នុង​ការ​កោត​សរសើរ​ប្អូន​ស្រី បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ។ ប្អូន​ស្រី​ឈ្មោះ ឌុក ឆវី ពិការ​ដៃ​ទាំង​សង​ខាង សរសេរ​នឹង​ជើង ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​មណ្ឌល​វិទ្យាល័យ នេត យ៉ង់ ខេត្ត​បាត់​ដំបង។