ការ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ បាន​ចាប់​ផ្តើម ដោយ​បរិយាកាស​ល្អ​ប្រសើរ

ភ្នំពេញ៖ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌​មាន នៅ​មណ្ឌល​ប្រលង វិទ្យាល័យ​ព្រះ​ស៊ីសុវត្តិ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា នេះ ឯកឧត្តម ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង អប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន័ថា ការប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយ​សារ​តែ មណ្ឌល​ប្រលង​ទូ​ទាំង​ប្រទេស មិន​មាន​ការ​រំខាន​ពី​ភ្លៀង ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ ។

ឯក​ឧត្តម​បន្ថែម​ថា ជាង​នេះ​ទៅ​ទៀត ក្នុង​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង​នូវ​ចំនួន សិស្សា​នុ​សិ​ស្ស​ចូល​​រួម​ប្រឡង ខណៈ​ដែល​មណ្ឌល​ប្រឡង​ក៏​មាន​កើន​ឡើង​ផង​ដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហ​ព័ន្ធ​​យុវ​ជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​នេះ​មាន​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​អ្នក​សង្កេត​ការ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ច្រើន​ជាង​ឆ្នាំ​មុន ដែល​នេះ​ជា​ការ​បង្ហាញ​ថា អ្វី​ដែល​ស​ស​យ​ក បាន​ធ្វើ​កន្លង​មក និង​បាននឹងកំពុងធ្វើនេះជារឿងល្អប្រសើរចំពោះសង្គមជាតិ។

ឯកឧត្តមគូសបញ្ជាក់ផងដែរថា ក្រៅពីមាន​យុវ​ជន​សង្កេត​ការ ការ​ប្រលង ក៏មាន​យុវ​ជន​ស្ម័គ្រ​ចិត្ត​ទទួល​ថែ​រក្សា យាន​ជំនិះ​របស់​បេក្ខ​ជន​ប្រឡង​ផង​ដែរ នៅ​ឆ្នាំ​នេះ ។

បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់ក្រសួង​អប់រំ យុវ​ជន និង​កីឡា ការ​ប្រឡង​​សញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​​ចំណេះ​​ទូ​ទៅ និង​​បំពេញ​​វិជ្ជា​សម័យ​​ប្រឡង សម័យ​ប្រលង​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧​នេះ នឹង​​ប្រព្រឹត្ត​​ទៅ​រយៈ​ពេល ២​​ថ្ងៃ គឺ​​ចាប់​​ពី​​ថ្ងៃ​​ទី​​២១-​២២ ខែ​សីហា ឆ្នាំ​​២០១៧ មាន​​បេក្ខ​ជន​សរុប​​ចំនួន ១០១​,៤​១០ នាក់ (ស្រី ៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​ ១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣ ​បន្ទប់ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម។

សូមជម្រាបជូនថា មុខវិជ្ជាដំបូង​ដែលត្រូវ​ប្រឡ​ង​នៅ​ព្រឹក​នេះ​គឺ មុខ​វិជ្ជា​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​មុខ​វិជ្ជា​ផែន​ដីសម្រា​ប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។

ក្រោមពាក្យស្លោក “អ្នកចេះគឺជាប់” សំ​នៅ​ឯក​សារ (ប្រ៊ុយយ៉ុង) ទូរស័ព្ទ​ដៃ និង​សម្ភារ​មិន​បម្រើ​ឱ្យ​ការ​ប្រឡង ត្រូវ​បាន​ក្រសួង អប់រំ យុវ​ជន និង​កីឡា មិន​អនុញ្ញាត ឱ្យយក​ចូល​ក្នុង​យក​ចូល​មណ្ឌល​ប្រលង​នោះ​ទេ ។

សូម​បញ្ជក់​ផង​ដែរ​ថា ការ​ប្រកាស​លទ្ធ​ផល​ប្រលង​នេះនឹងធ្វើ​នៅតាមមណ្ឌល​ប្រឡង​​នី​មួយ​​ៗ នៅ​​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០​១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជរាធា​នី​ភ្នំពេញ និង​ខេត្ដកណ្ដាល និង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត ៕