ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​១០​នាក់​រងរបួស​នៅ​រម្មណីយ​ដ្ឋាន​ទឹក​ធ្លាក់​ជ្រាវ​ខេត្ត​កំពង់​ស្ពឺ

កំពង់ស្ពឺ៖ ករណី​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើត​ឡើង នៅ​រម្មណីយ​ដ្ឋាន​ទឹក​ធ្លាក់​ជ្រាវ ស្ថិត​នៅ​ភូមិ​តាំ​ង​សំរោង ឃុំ​​អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៧ ដោ​យ​មាន​ជំនន់​ទឹក​ភ្លៀង​ភ្លាម​ៗ បណ្ដាល​ឱ្យ​ហូរ​កួច​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់ និង​មនុស្ស​៦​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល នេះ​បើ​យោង​តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​ដែល​បាន​ទៅ​លេង​នៅ​ទី​នោះ ។

ប្រភព​បាន​អះ​អាង​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​តំបន់​រម្មណីយ​ដ្ឋាន​ទឹក​ធ្លាក់​ជ្រាវ លុះ​ដល់​ម៉ោង​ប្រមាណ​ជា ៤​រសៀល​ស្រាប់​តែ​មាន​ទឹក​ធ្លាក់​ពី​លើ​ភ្នំ​មក​យ៉ាង​ខ្លាំង និង​បាន​ហូរ​កួច​យក​មនុស្ស​ជា​ច្រើន​នាក់ នៅ​ក្នុង​មនុស្ស​មាន​ក្មេង​ប្រុស​អាយុ ១២​ឆ្នាំ​ម្នាក់​ដោយ​ទៅ​តាម​ទឹក​បោក​នឹង​ដើម​ឈើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ និង​មាន​មនុស្ស​ពេញ​វ័យ​ចំនន ៦​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល ។
ប្រភព​បញ្ជាក់​ថា នៅ​ក្រោយ​ពេល​កើត​ហេតុ ក្រុម​មន្ត្រី​ការពារ​តំបន់​រម្មណីយ​ដ្ឋាន​ទឹក​ធ្លាក់​ជ្រាវ បាន​ព្យាយាម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ដែរ តែ​ជា​អកុសល​ជួយ​បាន​តែ​មនុស្ស​ចាស់ ៦​នាក់ ចំណែក​ក្មេង​ប្រុស​រងគ្រោះ​បាន​ស្លាប់ និង​អណ្តែត​តាម​ទឹក​ហូរ​ទៅ​ហើយ។

យោង​តាម​ប្រភព​ដដែល ក្មេង​រងគ្រោះ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ទៅ​លេង​ទី​នោះ​ជា​មួយ​ក្រុម​គ្រួសារ ខណៈ​ឪពុក​ម្តាយ​កំពុង​ហូប​បាយ រូប​គេ​បាន​ទៅ​ងូត​ទឹក​ជា​មួយ ឪពុក​មា ក៏​ជួប​ឧបទ្ទវហេតុ​អកុសល​នោះ​តែ​ម្តង​ទៅ ។

ក្រោយ​កើត​ហេតុ​សព​ក្មេងរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រងគ្រោះ​ផ្សេង​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​ដើម្បី​ព្យាបាល​រាង​ៗ​ខ្លួន ៕