គួរ​ឲ្យ​អាណិត​ណាស់ ! ដើរ​ទៅ​ទិញ​ម្ហូប​មក​ហូប​បាយ​ត្រូវ​រថយន្ដ​ផ្ដាច់​ជីវិត

ស្រុកកៀនស្វាយ: បុរស​ម្នាក់​ដើរ​ទៅទិញ​ម្ហូប​ត្រូវ​រថយន្ដ​បុក​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធម៌ នៅ​ត្រង់​ចំណុច ផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូ​ម៉ែត្រ​៤១-​៤២​ចំណុច​ផ្សារ​ជ្រោយ​ដង ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល កាល​ពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨​ខែ​សីហា​ឆ្នាំ​២០១៧ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ​មាន​បុរស​ម្នាក់​អាយុ​ប្រហែល​៥៥​ឆ្នាំ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​កង់​ចាស់​ប្រភេទ​ស្រី ឌុប​កន្ទេល ភួយ ក្នើយ មុង អង្រឹង ជិះ​ដើរ​លក់ តាម​ផ្លូវ​មក​ដល់​ចំណុច​កើត​ហេតុ​ឈប់​​ចត​ទុក​កង់​និង​សម្ភារៈ​ហើយ​ដើរ​ទៅ​ទិញ​ម្ហូប​អាហារ នៅ​ផ្សារ​ជ្រោយ​ដង ពេល​ដើរ​ត្រឡប់​មក​វិញ បាន​ចម្ងាយ​ប្រហែល​២០០​ម៉ែ​ត្រ ស្រាប់​តែ​មាន​​រថយន្ត​មិន​ស្គាល់​ម៉ាក ដែល​បើក​មក​​ពី​អ្នក​លឿង​មក​ភ្នំពេញ​មក​បុក​ពី​ក្រោយ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ បាន​ឆែក​មើល​លើ​ខ្លួន​គ្មាន​លិខិត​អត្តសញ្ញាណ​ឡើយ ដោយ​ឡែក​កង់​​និង​​សម្ភារៈ​​យក​​មក​​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុកកៀន​ស្វាយ សព​យក​តម្កល់​ទុក​នៅ​វត្តដើម្បីរកក្រុមគ្រួសារ ៕