បញ្ជូន​ជន​ដែល​បាញ់​ជិត​១០​គ្រាប់ ទៅ​លើ​ឡាន​ក្រុង​មក​តុលា​ការ

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​បាន​បាញ់​ជិត​១០​គ្រាប់​ទៅ​លើ​រថយន្ត​ក្រុង​ក្រុម​ហ៊ុន បូព៌ា​អា​ស៊ី​ដឹក​អ្នក​ដំណើរ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០​១៧ កន្លង​ទៅ​នៅ​តាម​បណ្ដាយ​ផ្លូវ​៥៩៨ (ផ្លូវជាសុផារ៉ា) មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​តុលា​ការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧​នេះ។

យោង​តាម​កំណត់​ហេតុ​សមត្ថកិច្ច​ខណ្ឌ​ឬស្សី​កែវ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ អេង កុសល អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​ដេ​២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ មុខ​របរ អង្គ​រក្ស​នៅ​បន្ទាយ​វីរៈ៤៩៩(ទាហាន)។

ប៉ុន្តែ​បើ​យោង​តាម លោក ជួន សុវណ្ណ ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អះ​អាង​ប្រាប់ សារ​ព័ត៌​មាន​ក្នុង​ស្រុក​កាល​ពី​ម្សិល​មិញ​ថា ជន​សង្ស័យ​ខាង​លើ មិន​មែន​ជា​ទាហាន ឬ​អង្គរ​ក្ស​ទេ គ្រាន់​តែ​ជា​ជន​ស៊ីវិល​តែ​ប៉ុណ្ណោះ។
​​
គួរ​រំលឹក​ថា កាល​ពីយប់​ថ្ងៃ​ទី​ថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ២០១៧ មាន​ហេតុ​ការណ៍គ្រោះ​ចរាចរណ៍​មួយ​បាន​កើត​ឡើង ដោយ​បង្ក​ឡើង​ដោយ រថយន្ដ​ក្រុង របស់​ក្រុមហ៊ុន បូព៌ាអាស៊ី​ដឹក​អ្នក​ដំណើរ​បាន​បើក​ទៅ​កៀរថ​យន្ដ​ព្រូស​របស់​ជន​សង្ស័យ ប៉ុន្តែ​រថយន្ត​ក្រុង​នោះ មិន​បាន​ឈប់​ដោះ​ស្រាយ​គ្នា​នោះ​ទេ ហើយ​ព្យាយាម​បើក​រត់​គេច ទើប​ធ្វើឱ្យ​ជន​សង្ស័យ​ជា​ម្ចាស់​រថយន្ដ​ព្រូស ខឹង​និង​ដក​កាំ​ភ្លើង​បាញ់​ប្រហា​ពី​ក្រោយ​រថយន្ត​ក្រុង​នោះ​ជា​ច្រើន​គ្រាប់ ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​តែ​ម្ដង ។

ក្រោយ​បាញ់​រួច​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​តែម្តង ពាក់​ព័ន្ធ​ករណី​កាន់​កាប់​និង​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត៕