នារី​បុគ្គលិក​ខារ៉ាអូខេ សូល ចង ក.​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ទឹក

ភ្នំពេញៈ នារី​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ​សូល​ម្នាក់​បាន​គិត​ខ្លី​ធ្វើ​អត្តឃាត​ដោយ​ចង ក.​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក ពុំ​ដឹង​មូលហេតុ ហើយ​ករណី​ចង ក.​នេះ​គេ​បាន​ដឹង​កើតហេតុ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្ទះ​លេខ​៣៧​ដេអឺ​២ ផ្លូវ​៣៩០ ក្រុម​៤៣ ភូមិ​៤ សង្កាត់​បឹង​កេងកង​៣ ចំការ​មន ក្រុង​ភ្នំពេញ។

សព​ឈ្មោះ ជុំ សូរីវណ្ណ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខ​របរ​បុគ្គលិក​ខារ៉ាអូខេ​សូល ទី​លំ​នៅ​ផ្ទះ​១៧០ ផ្លូវ​លំ ក្រុម​៥ ភូមិ​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​កើត​ហេតុ​ខាង​លើ។ ក្រុម​សមត្ថកិច្ច​និយាយ​ថា នៅ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ​អ្នក​ស្គាល់​គ្នា​រាប់​អាន​ជាមួយ​ជន​រងគ្រោះ​បាន​មក​លេង​ឃើញ​ទ្វារ​ផ្ទះ​ជាប់​សោ​ពី​ក្នុង​ក៏​គោះ​ទ្វារ​ស្រែក​ហៅ​តែ​ពុំ​ឮ​ឆ្លើយ ដោយ​មាន​ការ​សង្ស័យ​ក៏​ចុះ​មក​ប្រាប់​ម្ចាស់​ផ្ទះ​រួច​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ចង ក.​ស្លាប់​បាត់​ទៅ​ហើយ​និង​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ។

ប៉ូលិស​សន្និដ្ឋាន​ថា​ជន​រងគ្រោះ​ស្លាប់​ដោយ​ចង ក (ធ្វើ​អត្តឃាត)។ ក្រោយ​កើត​ហេតុ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​បងប្អូន​យក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជើងឯក៕