ស្រវឹង​ជិះ​ម៉ូតូ​បោះពួយ​ទៅ​មើល​កូន​របួស ជួប​គ្រោះ​ស្លាប់

ភ្នំពេញ៖ ដោយសារ​តែ​ស្រវឹង​ស្រា​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​និង​កូន ទប់​ស្មារតី​មិន​នឹង ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង បណ្តាល​អោយ​កូន​តូច​រង​របួស​ធ្ងន់ ហើយ​ជិះ​ទៅ​យ៉ាង​លឿន​ប្រញ៉ាប់​ទៅ​មើល​កូន​នៅ​ពេទ្យ​ក៏​ជ្រុល​ទៅ​បុក​រុឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​និង​ថ្នល់ ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

ហេតុការណ៍​ដ៏​រន្ធត់​និង​ភ្ញាក់​ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​ផ្សារ​ឈូកមាស តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន​ឈ្មោះ ខុន ពិសិទ្ធ ភេទប្រុស អាយុ​៣២​ឆ្នាំ មុខ​របរ​មេការ​ដំឡើង​គ្រឿង​សង្ហារឹម ក្រុមហ៊ុន ផិញធី ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​បូសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់​ចាម និង​មាន​ប្រពន្ធ​ឈ្មោះ ហីម មាឡៃ អាយុ​២៦​ឆ្នាំ មុខ​របរ​ជា​អ្នក​ដាំ​បាយ​ក្នុង​ក្រុមហ៊ុន ផិញធី ស្នាក់​នៅ​ជាមួយ​គ្នា និង​មាន​កូន​ប្រុស​ម្នាក់​ទៀត អាយុ​ប្រហែល​៣​ឆ្នាំ។ ម៉ូតូដែល​ជន​រងគ្រោះ​ជិះ​ម៉ាក ហុងដាឌ្រីម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ១DF១៩៨៩។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ខាង​លើ​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាពស្រវឹង និង​ឌុប​ប្រពន្ធ​រួមទាំង​កូន​ពី​ក្រោយ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០១១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ខណៈ​ពេល​ដែល​ជិះមក​ដល់​ចំណុច​ខាង​មុខ​ផ្សារ​ឈូកមាស ក៏​បាន​ជ្រុល​ទៅ​បុុក​គូទ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ម៉ូតូ​ដួល​រង​របួស​កូន​ប្រុស​បែក​មាត់​និង​ពក​ក្បាល។ ហើយ​ដោយ​រថយន្ត​មិន​ចង់​មាន​រឿង​វែងឆ្ងាយ រួម​ទាំង​អាណិត​ក្មេង​តូច​កំពុង​របួស​ផង​ក៏​សម្រេច​ចិត្ត​បន្ត​ដំណើរ​ទៅ​បាត់​ដោយ​មិន​ទាមទារ​សំណង​អ្វី​ពី​បុរស​រងគ្រោះឡើយ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​ស្ត្រី​ជា​ប្រពន្ធ​បុរស​រងគ្រោះ​បាន​ទុក​ប្តី​ចោល​សិន ព្រោះ​ឃើញ​ប្ដី​ស្រវឹង​ខ្លាច​មាន​គ្រោះថ្នាក់​បន្ត​ទៀត ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​សម្រេច​ចិត្ត​ឡើង​ជិះ​ម៉ូតូ​ឌុប​ដឹក​កូន​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាត់។ បន្ទាប់​ក្រោយ​មក​បុរស​រងគ្រោះ ដែល​ជា​ប្តី​បាន​លើក​ម៉ូតូ​ជិះ​តាម​ទៅ​មើល​ប្រពន្ធ​និង​កូន តែ​ក្នុង​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ជួយ​ឃាត់​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ តែ​ទោះ​ប្រជាពលរដ្ឋ​ព្យាយាម​ឃាត់​យ៉ាងណា​ក៏ដោយ ក៏​បុរស​រងគ្រោះ​ខាងលើ​នៅតែ​បន្ត​លើក​ម៉ូតូ​ធ្វើ​ដំណើរ​ជិះ​ទៅ​មុខ​ទៀត​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន ព្រោះ​ប្រញាប់​ទៅ​មើល​កូន លុះ​មក​ដល់​ចំណុច​កើតហេតុ​លើក​ទី​២​បុរស​រងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​បំណង​ចូល​ពេទ្យ​ផ្សារ​ឈូក​មាស មើល​ប្រពន្ធ​កូន តែ​ដោយសារ​មិន​បន្ថយ​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​រុឺម៉ក​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ដែល​បើកបរបញ្ច្រាស់​ទិស​គ្នា​ចំ​ពាក់​កណ្តាល​ពេញ​ទំហឹង​បណ្តាលឲ្យ​បុរស​រងគ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូត្របាន​បែក​ចង្កៀង​និង​ក្របាំង​មុខ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។ ដោយ​ឡែក​រុឺម៉ក​ម៉ូតូ​ឃើញ​សភាព​មិន​ស្រួល ក៏​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​បី​កូន​ប្រុស​មក​កន្លែង​កើត​ហេតុ​រួមជាមួយ​សាច់ញាតិ​របស់​ជន​រងគ្រោះ ហើយ​បាន​ស្រែក​ទ្រហ៊ោ​យំ​យ៉ាង​គួ​ឲ្យ​សោក​សង្រេង​ជា​ខ្លាំង បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចោម​រោម​មើល​យ៉ាង​ច្រើន មាន​ក្ដី​អាណិត​អាសូរ​ស្ត្រី​ជា​ប្រពន្ធ​ជា​ពន់ពេក​ណាស់។

បន្ទាប់​ក្រោយ​មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែនសុខ​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ធ្វើ​កំណត់​ហេតុ ហើយ​បានប្រគល់​សព​រួមទាំង​ម៉ូតូ​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​វត្ត​ក្រាំង​ធ្នង់​រង់ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី៕