តុលាការ​ផ្តន្ទា​ទោស​ទោស​ស្ត្រី​ជន​ជាតិ ម៉ូដាវី ម្នាក់ដាក់​គុក​៨​ឆ្នាំ រឿង​នាំ​ស្ត្រី​មក​លក់​នៅ​កម្ពុ​ជា

ភ្នំពេញ៖ ក្រោយពី​បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ម្តង​កាល​ពី​ព្រឹក​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៧​កន្លងទៅ​នោះ លោក ស្វាយ តុញ ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​បើក​សវនា​ការ​ប្រកាស​សាល​ក្រម សម្រេច​ផ្តន្ទោ​ទោស ជន​ជាប់​ចោទ​ឈ្មោះ BEJENARI LIUDMILA ហៅ LIDA ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជន​ជាតិ ម៉ូដាវី ដាក់​ពន្ធ​នាគារ​​កំណត់​​រយៈ​ពេល ៨​ឆ្នាំ និង​តម្រូវ​ឱ្យ​ជន​ជាប់​ចោទ​សង​សំណង​ជំងឺ​ចិត្តទៅ​​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៣០​លាន​រៀល ​ពី​បទ នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ដោយ​មាន​គោល​ដៅ ប្រព្រឹត្ត​កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៤ នៅ​ប្រទេស ម៉ូដាវី និង​ចំណុច​ហាង​ឈ្មោះ កា​ដូ ផ្ទះ​លេខ​១១០​E0 ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​​ទី​២ ខណ្ឌ​ដូនពេញ យោង​តាម​មាត្រា ១០ នៃ​ច្បាប់​ស្តី​ពី ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ។

សាល​ក្រម​នេះ​ក៏​បាន​បើក​សិទ្ធិ​ឱ្យ​ជន​ជាប់​ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ដែល​មាន​រយៈ​ពេល ១​ខែ​គិត​ចាប់ពី​ថ្ងៃ​ប្រកាស ផង​ដែរ។
នៅ​ក្នុង​សវនា​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ ជន​ជាប់​ចោទ​បាន​ឆ្លើយ​ថា ខ្លួន​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា អំឡុង​ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​ស្រា​មួយ ដោយ​មាន​តួ​នាទី​ជា អ្នក​គ្រប់​គ្រង​ហាង។ ជន​ជាប់​ចោទ អះ​អាង​ថា ក្រោយមក​ជន​រងគ្រោះ ឈ្មោះ គ្រីស្ទីណា ហៅ ស៊ូ បាន​សុំ​នាង​មក​ធ្វើការ​ជា​មួយ​នៅ​កម្ពុជា​ដែរ ដោយ​មាន​កិច្ច​សន្យា​ការងារ​ត្រឹម​ត្រូវ។ ជន​ជាប់​ចោទ​ថា ឈ្មោះ ស៊ូ បាន​រត់​ការ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ទិញ​សំបុត្រ​យន្ត​ហោះ មក​កម្ពុជា ដោយ​ខ្លួន​ជា​អ្នក​ចេញ​លុយ​ទាំង​ស្រុង។ នៅ​ពេល ឈ្មោះ ស៊ូ មក​ធ្វើ​ការ​ជា​មួយ​ខ្លួន ឈ្មោះ ស៊ូ ត្រូវ​ធ្វើការ​សាក​ល្បង​៣​ខែ ដោយ​គ្មាន​ប្រាក់​ខែ ហូប​ចុក ស្នាក់​នៅ​ក្នុង​ហាង​ដោយ​ឥត​គិត​ថ្លៃ បន្ទាប់​មក​ឈ្មោះ ស៊ូ ត្រូវ​ធ្វើ​ការ ៩​ខែ​បន្ថែម​ទៀត ដោយ​ទទួល​បាន​ប្រាក់​ខែ ២៥០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​សង​ខ្លួន​ថ្លៃ​ធ្វើ​ដំណើរ និង​ចំណាយ​មក​កម្ពុជា។ ប៉ុន្តែ​ដោយ​សារ​តែ ឈ្មោះ ស៊ូ ធ្វើការ​មិន​ទាន់​គ្រប់​ខែ​តាម​កិច្ច​សន្យា​ផង បែរ​ជា​មក​ប្តឹង​ខ្លួន​ដាក់​គុក​ទៅ​វិញ។

ជន​ជាប់​ចោទ បញ្ជាក់​ថា​ខ្លួន​មិន​បាន​អូស​ទាញ​ឱ្យ​ជនរ​ងគ្រោះ​មក​ធ្វើការ​នៅ​កម្ពុជា ឬ​បង្ខំ​ឱ្យ​ឈ្មោះ ស៊ូ ទៅ​ដេក​ជា​មួយ​ភ្ញៀវ​នោះ​ទេ។

យោង​តាម​អំណាន​ចម្លើយ​ជន​រងគ្រោះ ឈ្មោះ ស៊ូ បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​មក​ធ្វើការ​នៅ​កម្ពុជា​ជា​មួយ ជន​ជាប់​ចោទ​នៅ​ហាង លក់​ស្រា​អ៊ី​តាលី និង​ភីហ្សា ឈ្មោះ កាដូ មាន​ថៅ​កែ​ជា​ជន​ជាតិ ស្បែក​ខ្មៅ ឈ្មោះ EMEKWOO JEFFERY នៅ​អំឡុង​ចុង​ឆ្នាំ​២០១៤ ។

ជន​រងគ្រោះ​ទទួល​ស្គាល់​ថា ជន​ជាប់​ចោទ​ពិត​ជា​បាន​ចេញ​លុយ​ទាំង​អស់ សម្រាប់​ការ​ចំណាយ​ដើម្បី​មក​កម្ពុជា។ នៅ​ពេល​មក​ដល់​កម្ពុជា ជន​ជាប់​ចោទ​បាន ដក​យក លិខិត​ឆ្លង​ដែន​របស់​ខ្លួន​ទុក និង​បាន​បង្ខំ​ឱ្យ​នាង​ដេក​ជា​មួយ​ភ្ញៀវ​ដើម្បី​យក​លុយ​ឱ្យ​គេ។ ក្រៅ​ពី​ដេក​ជា​មួយភ្ញៀវ នាង​ត្រូវ​បាន​ថៅ​កែ​ហាង ឈ្មោះ Jake Fried បង្ខំ​ឱ្យ​ដេក​ជា​មួយ និង​ថត​វី​ដេ​អូ ទុក​គំរាម​នាង​ថែម​ទៀត​ផង។ ជន​​រង​គ្រោះ​​បាន​ប្តឹង​​ទាម​​ទារ​​សំណង​​ជំងឺ​​ចិត្ត​​ចំនួន ២​​ម៉ឺន​​ដុល្លារ ៕