លោក​ យឹម​ សារ៉ាន់​ អធិការនគរបា​ល​​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ ​បានបកស្រាយក្នុងរឿង “ប្រធាន​​គណ​​នេយ្យ​​រោង​​ចក្រ​​កាត់​​ដរ បើក​រថ​យន្ដ​​បំ​​បុក​​កម្ម​ករ​​ កំពុង​ឈរ​​ធ្វើ​​ការ​​តវ៉ា”

យោងតាមហ្វេសប៊ុក លោក​ យឹម​ សារ៉ាន់​ អធិការនគរបា​ល​​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​បានបកស្រាយក្នុងរឿង “ប្រធាន​​គណ​​នេយ្យ​​រោង​​ចក្រ​​កាត់​​ដរ បើក​រថ​យន្ដ​​បំ​​បុក​​កម្ម​ករ​​ កំពុង​ឈរ​​ធ្វើ​​ការ​​តវ៉ា”ថា សមត្ថកិច្ច​អនុត្ត៍​ច្បាប់ ធ្វើ​ការ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ នេះ​ជា​ព័ត៌មាន​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ ការ​ពិត​មិន​មាន​កម្មករ​ណា​ម្នាក់​អ្នក​រង​របួស​បាក់​ដៃ បាក់​ជើង​ទេ ហើយ អ្នក​បើកបរ​សមត្ថកិច្ច​ជា​អ្នក​អញ្ចើញ​មក​សាក​សួរ មិន​មែន​កម្មករ​ជា​អ្នក​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ទេ សូម​សរសេរ​អត្ថបទ​តាម​អង្គ​ហេតុ​ពិត ដើម្បី​រក្សា​បាន​កិត្តយស សេចក្តី​ថ្លៃ​ថ្នូរ ដល់​ភាគី​ពាក់​ពន្ឋ័ ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ​សំបូរ​អ្នក​សារ​ព័ត៌​មាន​ណាស់ ដូច​នេះ​ទាម​ទារ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ម្នាក់​ៗ​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​ទី​ផ្សារ​ផ្សព្វ​ផ្សាយ និង ភាព​ជឿ​ជាក់​បាន​ពី​ទស្សនិក​ជន ដូច​នេះ​ទាម​ទារ​ព័ត៌​មាន​លឿន ហើយ​សំខាន់​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​តាម​អង្គ​ហេតុ​ពិត ។

បើក​​រថយន្ត​​បំ​បុក​​កម្មករ​​ជាង​​៤០០​នាក់​ ទី​បំផុត​​នគរបាល​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​​ឲ្យ​ប្រធា​ន​គណ​នេយ្យ​​រោង​ចក្រ​​ម្នាក់​​ត្រឡប់​​ទៅ​​ផ្ទះ​​វិញ​យ៉ាង​​រំភើយ​ (មាន​​សម្ភាសន៍​​អ្នក​​ឃើញ​ហេតុ​ការណ៍​​)
ដោយ​៖ឆាយានាថ​
ភ្នំពេញ​៖ ប្រធាន​​គណ​នេយ្យ​​រោង​​ចក្រ​​កាត់​ដេរ​យី​ហោ​”​ International Royal “​ ត្រូវ​​បាន​នគរបាល​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​ អនុញ្ញាតិ​​ឲ្យ​ត្រឡប់​​ទៅ​​ផ្ទះ​​វិញ​ កាល​ពី​​រសៀល​​ថ្ងៃ​​ទី​​១៣​ ខែ​សីហា​ ​ មជ្ឈដ្ឋាន​​មួយ​​ចំនួន​​រិះ​គន់​​យ៉ាង​​ខ្លាំង​ចំពោះ​​ការ​​ដោះ​លែង​​នេះ​ ព្រោះ​​សកម្ម​ភាព​របស់​​ជន​បង្ក​ បាន​​បើក​​រថយន្ត​​បំបុក​​កម្មករ​កម្មការិនី​​ជាង​​៤០០​នាក់​ ហើយ​​ធ្វើ​​ឲ្យ​​កម្មករ​មួយ​​ចំនួន​​រង​​របួស​​បាក់​​ដៃ​​ទៀត​​ផង​ ។​

មូល​ហេតុ​​នៃ​​ការ​​ដោះ​លែង​​នេះ​ ត្រូវ​បាន​​នគរ​បាល​​មួយ​​អះ​អាង​​ថា​ ដោយ​សារ​​មាន​ការ​សម្រប​សម្រួល​​គ្នា​​បញ្ចប់​​រឿង​ បន្ទាប់​​ពី​ជន​រងគ្រោះ​​ទទួល​​យក​​សំណង​ ហើយ​​ក៏​មាន​​ការ​ឯក​ភាព​​ពី​​ស្ថាប័ន​​អយ្យ​ការ​​អម​​សាលា​​ដំបូង​រាជធានី​​ភ្នំពេញ​ ព្រោះ​​មាន​​អន្តរាគមន៍​​ធំៗ​​មក​ទៀត​​ផង​ ។

ប្រធាន​​គណនេយ្យ​​រោង​ចក្រ​​រូប​នេះ​ ឈ្មោះ​ យ៉ែម​ សុចិត្រ​ បាន​​បើក​​រថយន្ត​​បំ​បុក​​កម្មករ​កម្មការិនី​​ជាង​​៤០០​នាក់​ កាល​ពី​​រសៀល​​ថ្ងៃ​​ទី​​១២​ ខែ​​សីហា​ នៅ​​ចំណុច​សួន​​ឧស្សាហកម្ម​​កាណាឌីយ៉ា​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ខណៈ​​ក្រុម​​កម្មករ​​តវ៉ា​ដើម្បី​​ទាម​ទារ​​ឲ្យ​​ថៅ​កែ​​រោង​ចក្រ​​ដោះ​ស្រាយ​​នូវ​លក្ខខណ្ឌ​​ការងារ​​មួយ​​ចំនួន​ ។

អ្នក​​ឃើញ​​ហេតុ​ការណ៍​​បាន​​ឲ្យ​ដឹង​ថា​ ​ពេល​​កម្មករ​​ទាំង​​អស់ កំពុង​​តែ​​ត​វ៉ា​​មុខ​រោង​​ចក្រ ស្រាប់​​តែ​​ជន​​សង្សយ​​ឈ្មោះ​ យ៉ែម​ សុចិត្រ​ បើក​​​រថយន្ត​​ម៉ាក​​កាម​រី​​បា​ឡែន​​ពណ៌​ស្ករ ពាក់​ផ្លាក​​លេខ​​ភ្នំពេញ​2X-1058 ចេញ​​ពី​​ក្នុង​​ចក្រ​យ៉ាង​​លឿន​​ក្នុង​​បំណង​​បំ​បុក​ចូល​​ហ្វូង​​​កម្ម​ករ ដែល​​ជា​​ហេតុ​​ធ្វើ​ឲ្យ​​ម្នាក់​ៗ​​មាន​​ការ​​ភិត​​ភ័យ​ព្រលឹង​​ចុង​​សក់ ប៉ុន្តែ​​ពេល​​នោះ​​មាន​​កម្មករ​​ជា​ច្រើន​​បាន​​រត់​​រួច​​នៅ​​សល់ កម្មការិនី​​ម្នាក់​​អង្គុយ​លើ​​ម៉ូតូ​​មួយ​​គ្រឿង បណ្ដាល​​ឲ្យ​​រង​​របួស​​បាក់​​ដៃ​ធ្ងន់​​ធ្ងរ បន្ទាប់​​មក​​បាន​​ព្យាយាម​​បើក​​រត់​​គេច​​ខ្លួន តែ​​ត្រូវ​​បាន​​កម្ម​ករ នាំ​​គ្នា​​ព័ទ្ធ​​ចាប់​​បាន​​ភ្លាម​​ៗ រួច​ប្រគល់​​ឲ្យ​​នគរបាល​ ដើម្បី​​ចាត់​ការ​​​តាម​​ច្បាប់​ ។​

ប៉ុន្តែ​​ក្រោយ​​មក​ ត្រូវ​​បាន​​នគរបាល​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ដោះ​លែង​​ឲ្យ​​មាន​​សេរីភាព​​ឡើង​វិញ​ ក្រោម​​ហេតុ​ផល​​សម្រប​សម្រួល​​គ្នា​។

ពាក់​ព័ន្ធ​​ករណី​​នេះ​ មិន​​អាច​​ទំនាក់​ទំនង​​សុំ​​ការ​បញ្ជាក់​​ពី​​លោក​ យឹម​ សារ៉ាន់​ អធិការនគរបា​ល​​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​ បាន​​នៅ​​ឡើយ​ទេ​ ព្រោះ​​លោក​​កំពុង​​ស្ថិត​​នៅ​​ក្រៅ​​ប្រទេស​ ៕