បាញ់​មួយ​គ្រាប់​របួស​ធ្ងន់​ស្ត្រី​ម្នាក់ ព្រោះ​តែ​យក​លុយ​ពី​កន្លែង​ហ្គេម​បាញ់​ត្រី​មិន​បាន

ភ្នំពេញ៖ បុរស​ម្នាក់​អ៊ាង​ខ្លួន​ជា​មន្ត្រី​សមត្ថ​កិច្ច​មាន​ID​និង​កាំ​ភ្លើង​មក​បាញ់​អ្នក​គ្រប់​គ្រង​មើល​ទូរ​ហ្គេម​បាញ់​ត្រី ហើយ​ខ្ទៀត​ទៅ​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ថ្មើ​ជើង​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ ព្រោះ​តែ​ទៅ​សុំ​លុយ​កន្លែង​បាញ់​ត្រី​មិន​បាន ។

ហេតុ​ការណ៍​ផ្ទុះ​អាវុធ​បង្ក​ឲ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ខាង​លើ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២​និង​១​០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវ​រទេះ​ភ្លើង ក្បែរ​និង​ផ្លូវ​ទំនប់​ទួល​គោក ស្ថិត​ក្នុង​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ ។

យោង​តាម​សម្ដី​បុរស​ម្នាក់​មាន​ឈ្មោះ សាំង ណារិទ្ធ អាយុ​៣០​ឆ្នាំ មុខ​របរ​មើល​ទូរ​ហ្គេម​បាញ់​ត្រី​នៅ​កន្លែង​កើត​ហេតុ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នោះ រូប​គាត់​នៅ​អង្គុយ​មើល​កន្លែង​ល្បែង​ហ្គេម​បាញ់​ត្រី​ខាង​លើ ហើយ​ក៏​ត្រូវ​បាន​បុរស​ម្នាក់​ដែល​ជា​មន្ត្រី​សមត្ថកិច្ច​មាន​ID និង​កាំ​ភ្លើង​ខ្លី​មួយ​ដើម តែ​ពុំ​ស្គាល់​មុខ​ងារ​ច្បាស់ បាន​ជិះ​ម៉ូតូ​មិន​ចាំ​ស្លាក​លេខ​មក​សុំ​លុយ​អ្នក​មើល​ល្បែង​ហ្គេម​បាញ់​ត្រី​ចំនួន​១០$ តែ​អ្នក​មើល​ល្បែង​ហ្គេម​បាញ់​ត្រី​ថា​អោយ​តែ​៥​ពាន់​រៀល​តែ​ប៉ុណ្ណោះ ។ ខណះ​ពេល​នោះ​បុរស​ម្នាក់​ដែល​អ៊ាង​ខ្លួន​ជា​មន្ត្រី​និង​មាន​កាំ​ភ្លើង បាន​ដក​កាំ​ភ្លើង​មក​តម្រង់​ក្បាល​អ្នក​មើល​ល្បែង​ហ្គេម​បាញ់​ត្រី​តែ​ម្ដង តែ​សំណាង​ល្អ​បុរស​ម្នាក់​ដែល​ជា​អ្នក​មើល​ល្បែង​ហ្គេម​បាញ់​ត្រី​បាន​គេច​ផុត ធ្វើ​ឲ្យ​គ្រាប់​កាំ​ភ្លើង​ហោះ​ទៅ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​កំពុង​កាន់​ដៃ​កូន​តូច​ដើរ​កាត់​មុខ​កន្លែង​កើត​ហេតុ​បណ្ដាល​ឲ្យ​ចំ​ក្រោម​ពោះ​រង​របួស​ធ្ងន់ ។ ភ្លាមៗ​បុរស​ម្នាក់​ដែល​ជា​អ្នក​មើល​ហ្គេម​បាញ់​ត្រី បាន​ស្ទុះ​ទៅ​ឆក់​យក​កាំ​ភ្លើង​និង​បាន​ប្រតាយ​ប្រទង់​គ្នា​បន្តិច​បន្ទួច​ធ្វើ​ឲ្យ​ធ្លាក់​កាំ​ភ្លើង​និង​ID​ពី​ជន​បង្ក ភ្លាម​នោះ​បុរស​ដែល​បង្ក​ហេតុ​បាន​រត់​ឡើង​លើ​ម៉ូតូ​ដែល​មិន​ចាំ​ម៉ាក​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដឹង​ស្ត្រី​រងគ្រោះ​យក​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ជួយ​សង្គ្រោះ បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ធ្វើការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​មើល​ល្បែង​ហ្គេម​បាញ់​ត្រី​ខាង​លើ​រួម​ទាំង​កាំ​ភ្លើង​និង​ID ដែល​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ យក​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​ធ្វើ​កំណត់ និង​រង​ចាំ​ប្រគល់​បន្ត​ទៅ​កាន់​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​ ៕