លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូច​សមត្ថកិច្ច​ចាប់​វ៉ៃ​ខ្នោះ​ពី​បទ​…

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​វ៉ៃ​ខ្នោះ រួច​ប​ញ្ជូន​ទៅ​សាលាដំបូង​ភ្លាម​ៗ ​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរមក​​ពី​ខេត្តកំពង់ចាម។

យោង​​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោក សួន សេរីរ​ដ្ឋា នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ជេរ​ប្រមាថ​កងទ័ព​ជាតិ​និង​កូន​ខ្មែរ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងទៀត​​ថា គិត​ត្រឹម​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ។

សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ លោក សួន សេរីរ​ដ្ឋា​ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដែល​​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ពេល​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​លាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង !​។ ពីព្រោះ​កន្លង​មក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ​។ ចំណែកឯ​ពួក​មេ​ៗ​ពាក់​ផ្កាយ និង​កូនលោក​ធំ​ៗ​ដែល​នៅ​ជួរ ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​»