គួរ​ឲ្យ​អាសូ​រ! ឪ​ញៀន​ថ្នាំ​បំរុង​ ដុត​កូន​​ប្រុស​​អាយុ​​​១​​ខួបទាំង​​រស់

ភ្នំពេញ ៖ បុរស​​ម្នាក់ ត្រូវ​​បាន​​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​​ចោម​​ចៅ ចុះ​​ទៅ​​អន្តរាគមន៍​​ចាប់​​ឃាត់​ខ្លួន​នៅ​នឹង​កន្លែង​ភ្លាម​ៗ បន្ទាប់​ពី​គំរាម​​ដុត​​ផ្ទះ និង​ដុត​​កូន​ប្រុស​​ចោល ត្រូវ​​បាន​​អ្នក​​ជិត​ខាង​​ជួយ​ចាប់​​យក​​ក្មេង​​តូច​​រត់​គេច​​ចេញ​ពី​​ទាន់ ភ្លើង​បាន​ឆេះ​​រាល​កន្ទេល​​មុង​​ភួយ ។ ហេតុ​​ការ​ណ៍​នេះ​ បង្ក​​ឲ្យ​​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​​ម៉ោង​​១១​​ព្រឹក ថ្ងៃ​ទី​​១២ សីហា ២០១៧ ស្ថិត​​នៅ​ផ្ទះ​​ខ្ទម កម្សត់​ជាប់​​របង​​វត្ត​​អង្គ​​តា​មិ​ញ ភូមិ​​គោក​​ចំ​បក់ សង្កាត់​កា​កាប ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ។

បុរស​​ដែល​​ចាប់​​កូន​​ខ្លួន​ឯង​​ដុត​​ទាំង​​រស់​​នេះ មាន​ឈ្មោះ រុំ សុភាព អាយុ​​២៥​​ឆ្នាំ មុខរបរ​កម្មករ​​សំណង់ មាន​​ប្រពន្ធ​​កម្ម​ករ​​រោង​ចក្រ មាន​កូន​​ប្រុស​​ម្នាក់​​អាយុ​​ទើប​​ជាង​​១​​ខួប រស់​នៅ​ជា​មួយ​​ម្តាយ ឈ្មោះ​ទូច ចាន់​ណា អាយុ​៥៥​ឆ្នាំ មុខរបរ​ដើរ​ស៊ីឈ្នួល​លាងចាន​ឲ្យ​គេ​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ប្រើប្រាស់​គ្រឿងញៀន​យូរ​ឆ្នាំ​មក​ហើយ រហូត​ដល់​លែង​ស្គាល់​ដឹង​ខុស​ត្រូវ អុកឡុក​គ្រួសារ បង្ក​ឲ្យ​ភ័យ​ខ្លាច គំរាម​ដុត​កូន និង​ដុត​ផ្ទះ​ខ្លួនឯង​ចោល ទើប​ប្តឹង​ប៉ូ​លី​ស​ឲ្យ​ជួយ​អន្តរាគមន៍ ។

ប្រភព​ពី​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​តាម​ពិតជា​មនុស្ស​ស្លូតបូត​ទេ មុន​ពេល​ប្រើ​គ្រឿងញៀន មិន​ដែល​បង្ក​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ហើយ​ក៏​មិន​ដែល​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ មិនដឹង​ថា បុរស​ខាងលើ​ខឹង​តូចចិត្ត​រឿង​អ្វី បែរជា​អុកឡុក​ក្នុង​គ្រួសារ ដុត​កូន​តូច​ចោល កុំ​តែ​បាន​ចាប់​ស្រវា​យក​ចេញ​ទាន់ មិនដឹង​ជា​យ៉ាងណា​ទេ ហើយ​ភ្លើង​បាន​ត្រឹម​ឆេះ​កន្ទេល​មុង​ភួយ ព្រោះ​អ្នក​នៅ​ក្បែរ​ខាង​បាន​នាំ​គ្នា​យក​ទឺ​កមក​ជះ​ជួយ​ពន្លត់ភ្លើង ។

ជនសង្ស័យ​ញៀន​ថ្នាំ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​ផ្អែក​ទៅ​តាម​បណ្តឹង​របស់​ក្រុម​គ្រួសារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​មក​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕ ប្រភព FB Heng Heng LY